ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តនិងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលចុះជួបសំណេះសំណាលនិងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១០៩៤នាក់


ខេត្តកណ្តាល៖ សិស្សានុសិស្សដែលបានប្រឡងជាប់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ចំនួន ១ ០៩៤ នាក់ ដែលជាប់ជានិទ្ទេស A ចំនួន ៣២នាក់ ត្រូវបានទទួលបានការលើកទឹកចិត្តជូនរង្វាន់ពីរដ្ឋបាលខេត្តកណ្ដាល។


នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញចុះជួបសំណេះសំណាលនិងនាំអំណោយជូនជារង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១ ០៩៤នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨នាក់ បង្រៀន​ថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។


ប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាពនឹងដោយការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យមូលដ្ឋានខេត្តកណ្តាលរបស់យើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដោយបានកំណត់យកធនធានមនុស្ស ជាអាទិភាពទី១។


លោកអភិបាលខេត្តកណ្ដាលបន្តទៀតថាៈ ដោយមានការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ខេត្តកណ្តាលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងនោះមានបេក្ខជនប្រឡងជាប់ សរុប ៥ ៩២៤នាក់ (ស្រី ៣ ៦០៥នាក់) = ៦៨,២២% នៃចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង ដែរមាននិទ្ទេស A សរុប ១២៧នាក់ ស្រី ៨៥នាក់
-និទ្ទេស B សរុប ៤៦៣នាក់ ស្រី ២៧៥នាក់
-និទ្ទេស C សរុប ៩៥១នាក់ ស្រី ៦២៧នាក់
-និទ្ទេស D សរុប ១ ៩៦៤នាក់ ស្រី ១ ២២១នាក់
-និទ្ទេស E សរុប ២ ៤១៩នាក់ ស្រី ១ ៣៩៧នាក់។


លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅបានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ចំពោះការប្ដេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ខ្លួនឯងក្នុងគ្រួសារនិងសង្គមជាតិយើងទាំងមូល។


លោកប្រធានក្រុមប្រឹក្សាខេត្ត បន្តថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់ ក្មួយៗសិស្សានុសិស្សទើបទទួលជាជ័យលាភីផ្ទាល់តែម្តង ហើយក៏ដូចជាឪពុកម្តាយឬអាណាព្យាបាលផងព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានមន្ទីរនិងក្រសួងអប់រំ ទោះបីជាក្នុងរយៈពេល២ឆ្នាំកន្លងមកនេះបានរាតត្បាតគំរាមកំហែងដល់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ពិសេសបានប៉ះពាល់ដល់ការសិក្សាដោយផ្ទាល់របស់សិស្សដោយជម្ងឺកូវីដ-១៩ ដែលមិនអនុញ្ញាតអោយសិស្សបានមកទទួលការអប់រំដោយផ្ទាល់នៅសាលា តែសិស្សានុសិស្សអាចទទួលបានការរៀនសូត្រពីចម្ងាយក្រោមការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ។


ជ័យលាភីសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ទទួលបាន៖
-និទ្ទេស A ចំនួន ៣២នាក់ ម្នាក់ៗទទួលបានម៉ូតូ ចំនួន ១គ្រឿង
-និទ្ទេស B ចំនួន ១១៦នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល
– និទ្ទេស C ចំនួន ២០២នាក់ ម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល
-និទ្ទេស D ចំនួន ៣៥៦នាក់ ម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល
និទ្ទេស E ចំនួន ៣៨៨នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។

ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន ១២០នាក់ ទទួលបានថវិកា ១០ម៉ឺនរៀលក្នុងមួយនាក់៕

អត្ថបទដែលជាប់ទាក់ទង