លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ដែលមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត សរុបចំនួន ៩៣នាក់។ ពិធីនេះធ្វើលើកនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រសាសន៍ថា “ទោះបីកម្ពុជា ស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងនាមអាជ្ញាធរខេត្ត នៅតែបានបន្តចូលរួមចំណែកយ៉ាង សកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ កិច្ចការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចកម្ពុជា របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ដោយបានសម្រេចនូវសមិទ្ធផលជារូបវ័ន្ត និងអរូបវ័ន្តសំខាន់ៗជាច្រើន។
ទន្ទឹមជាមួយគ្នានោះបេសកកម្មបុព្វហេតុការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និយាយដោយ​ឡែក​សាខា បានឆ្លើយតបបន្ទាន់​ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយនានារួមទាំងគ្រោះថ្នាក់ចរាចរណ៍ ការអប់រំសុខភាព និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ ចាត់តាំងកម្លាំងមន្រ្តីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន កាកបាទក្រហមកម្ពុជា ចូលរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ យកអស់កម្លាំងកាយ-ចិត្ត ធ្វើការផ្សព្វផ្សាយ ចំណេះដឹងអំពីវិធានការការពារ និងការងារលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សរបស់ចលនា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធាន។ល។”
ទន្ទឹមនឹងនេះ លោកជំទាវ ពុំ ន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម លោក លោកស្រី នាយក-នាយិកា នាយករង-នាយិការង មន្ដ្រីក្រុមប្រតិបត្តិ ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ដែលបានស្ម័គ្រចិត្តឥតឈប់ឈរលះបង់ពេលវេលាដ៏មមាញឹក និងមានតម្លៃ ចូលរួមចំណែកបំពេញនូវសកម្មភាពមនុស្សធម៌ ចូលរួមឧបត្ថម្ភ គាំទ្រការងារអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ស្របតាមយុទ្ធសាស្រ្ត កក្រក ២០២១-២០៣០។
ជាមួយគ្នានេះដែរ ក្រុមយុវជន កាកបាទក្រហមកម្ពុជានៃខេត្តព្រះសីហនុ សម្ដែងនូវសកម្មភាពនៃការអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវស្របតាមការណែនាំ និងការតម្រង់ទិសនៃមន្ដ្រីជំនាញការងារ សុវត្ថិភាពចរាចរណ៍។
លោកជំទាវបានបន្ថែមទៀតថា “នៅជំហ៊ានទី១ យើងបានកសាសងយុទ្ធសាស្រ្ត ២០២១-២០៣០ សម្រាប់រយៈពេល១០ឆ្នាំទៅខាងមុខ ដែលនឹងចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ពីឆ្នាំ២០២១-​២០២៥ និងដំណាក់កាលទី២ ២០២៦-២០៣០ ដែលនឹងកំណត់សូចនាករ លទ្ធផលរំពឹងទុក និងពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត ហើយដែលត្រូវមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយតាមវិស័៦ដទៃទៀតរបស់កាកបាទក្រហមកម្ពុជា ហើយយុទ្ធសាស្ត្រនេះ មានទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ ព្រមទាំងបានប្តូរពីវិស័យស្នូល ទៅជាវិស័យអាទិភាពវិញនៅក្នុងយុទ្ធសាស្ត្រនេះ។
ជាលទ្ធផល នៃការការចូលរួមមតិ និងពិភាក្សា ២៥រាជធានីខេត្ត រួមមាន៖
• ចំណុចលេចធ្លោនៃការងារអភិវឌ្ឍយុវជន អ្នកស្ម័គ្រចិត្ត ទទួលបានផ្លែផ្កាជោគជ័យ និងសមិទ្ធិផលសម្រេចបានជាច្រើនទោះបីស្ថិតក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ-១៩ សាខាជំរុញការងារផ្សព្វផ្សាយ បណ្តុះបណ្តាល ការកសាងភាពធន់ដល់សហគមន៍តាមរយៈកម្លាំងចលករ នៃយុវជន អ្នកស្ម័គ្រចិត្ត កក្រក និងចំណុចគន្លឹះក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យងាកមកគោរព និងអនុវត្តច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅកម្ពុជា។
• គាំទ្រនូវការលើកឡើងពីរបាយការណ៍សកម្មភាព និងទិសដៅបន្ដឆ្នាំ២០២២ ការងារលើក កម្ពស់សុវត្ថិភាពចរាចរណ៍ និងការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាក្រហមកម្ពុជា។
• ការលើកផែនការសកម្មភាព និងកញ្ចប់ថវិការអប្បបរមាសម្រាប់ការងារស្របតាមវិស័យអាទិភាពទាំង៤ តាមលទ្ធភាពរបស់សាខា។
• សំណូមពរការគាំទ្រ និងលើកទឹកចិត្តពីថ្នាក់កណ្ដាលលើការងារបច្ចេកទេស ធនធានថវិកា សម្ភារៈ សម្រាប់ការងារអាទិភាពរបស់សាខា។
• បញ្ហាប្រឈមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ផែនការសកម្មភាពលេចធ្លោ មួយចំនួនត្រូវបានអាក់ខានក្នុងការអនុវត្ត។
• ការចែករំលែកបទពិសោធន៍ការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្រិតសាខានីមួយៗ។
ជាចុងបញ្ចប់នេះ លោកជំទាវអគ្គលេខាធិការ បានសង្កត់ធ្ងន់លើការងារពង្រឹង និងពង្រីកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ស្របតាមអនុស្សរណៈយោគយល់រវាង កាកបាទក្រហមកម្ពុជា ជា​មួយ​ក្រសួងអប់រំ យុវជន និងកីឡា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លើបរិមាណ និងគុណភាពជាចម្បង។ លើកកម្ពស់ និងឱ្យតម្លៃលើភាពលេចធ្លោរបស់សាខា កក្រក រាជធានី ខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងតម្រង់ទិសការរៀបចំផែនការអភិវឌ្ឍន៍សាខា កក្រក រាជធានី ខេត្ត ៥ឆ្នាំ (២០២១-២០២៥) ក្នុងជំហ៊ានទី១ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង