លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI Fumiaki, ប្រធានសមាគមន៍ជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម TAKAHASHI Fumiaki, ប្រធានសមាគមន៍ជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
នាឱកាសនោះ ភាគីទាំងពីរបានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។
ឯកឧត្តម TAKAHASHI Fumiaki ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អំពីគោលបំណងនៃការសុំជួបសម្តែងការគួរសមនាពេលនេះ គឺ៖
១.ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និតមួយកំរិតថែមទៀត ២.ការជំរុញកិច្ចវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និង៣.ការជំរុញ និងលើកស្ទួយផលិតផល cosmetic ដែលផលិតចេញពីសសៃសូត្រ ហើយផលិតផលសូត្រនេះ គឺជាផលិតផលប្រពៃណី និងពេញនិយមមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម TAKAHASHI Fumiaki ក៏បានលើកឡើងផងដែរពីគោលបំណងរបស់ជប៉ុនក្នុងការផ្តល់ជាអំណោយជាកាំជ្រួចជប៉ុន ដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យសំខាន់ៗមួយចំនួនរបស់កម្ពុជានាពេលខាងមុខ ។
ជាកិច្ចឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រនូវគំនិតល្អៗទាំងនេះ ជាពិសេសការលើកស្ទូយ ការកែច្នៃផលិតផលផ្សេងៗ ចេញពីសសៃសូត្រ និងស្វាគមន៍ចំពោះអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ៕ អរគុណសន្តិភាព