អភិបាលរាជធានីនិងលោកជំទាវ អញ្ជើញក្នុងពិធីក្រុងពាលីនិងបញ្ចុះបឋមសិលា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅតាមបណ្ដោយផ្លូវជាតិលេខ៥

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដី នៅរសៀលថ្ងៃទី៣០ ខែមករានេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះ​បឋមសិលា តាមបែបសាសនា មុននៃការបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយ​ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់​ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

ពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនហើយ នៅព្រឹកថ្ងៃទី៣១ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការតែម្តង។

ពាក់ព័ន្ធបើកការដ្ឋានស្ថាបនាស្ពានអាកាសនេះដែរ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមាន របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ នៅក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦និង០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី ដោយបានអោយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។

គួរបញ្ជាក់ផងដែរថា ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងហើយថា៖ ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ ៤៨៣​ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុង​ឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយ ។

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹង​សាង​សង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង