តើអ្នកធ្លាប់ទៅទស្សនាតំបន់រ៉ាមសារ ឬតំបន់ការពារធម្មជាតិតំបន់ដីសើមប៉ុន្មានកន្លែងក្នុងប្រទេសកម្ពុជា?
គិតមកត្រឹមបច្ចុប្បន្ន តំបន់រ៉ាមសារក្នុងប្រទេសកម្ពុជាមានចំនួន០៥កន្លែងគឺ តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសាស្ទឹងត្រែង។ ក្នុងនោះដែរ យើងក៏មានតំបន់ការពារធម្មជាតិដែលជាតំបន់ដីសើមមានសារះសំខាន់សម្រាប់បរិស្ថានឬសង្គម ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុង។
ការរស់នៅប្រចាំថ្ងៃរបស់យើងគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងតំបន់ដីសើម ដោយតំបន់ដីសើមបានផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដោយឥតគិតថ្លៃដូចជា ផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រព ជួយកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការស្រូបយកកាបូន និយ័តកម្មអាកាសធាតុ ប្រភពស្បៀងអាហារ កន្លែងកម្សាន្តធម្មជាតិនិងសិក្សាស្រាវជ្រាវ។ល។ ដូចនេះ យើងគួរតែផ្តល់តម្លៃ ចូលរួមអភិរក្ស ដាំស្តារ និងបង្ហាញនូវសេចក្តីស្រលាញ់ចំពោះតំបន់ដីសើម។
គួរបញ្ជាក់ផងដែរថាឆ្នាំនេះក្រសួងបរិស្ថាននឹងប្រារព្ធទិវាដីសើមពិភពលោកនៅ វិទ្យាល័យ ទា ចំរ៉ាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕