ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ស្នើដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ សហការគ្នាជំរុញការផ្គត់ផ្គង់អគ្គីសនីឱ្យបានដល់ទីជនបទដាច់ស្រយាល

ខេត្តមណ្ឌលគិរី៖ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យបានដល់ប្រជាជននៅទីជនបទដាច់ស្រយាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៣២ អាណត្តិទី ៣ ដែលបានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាជំរុញការផ្គត់ផ្គង់អគ្គិសនីអោយបានដល់ទីជនបទដាច់ស្រយាលទូទាំងខេត្តមណ្ឌលគិរី។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យអភិបាលក្រុងស្រុកទាំង ៥ រាយការណ៍ជូនអង្គប្រជុំពីភូមិឃុំដែលពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់។ តាមការលើកឡើងរបស់អភិបាលក្រុងស្រុកទាំង៥ ប្រជាពលរដ្ឋជាង ៩០ភាគរយមានភ្លើងអគ្គីសនីគ្រប់គ្រាន់ និងដោយឡែកតំបន់មួយចំនួនតូចដែលមិនទាន់មានអគ្គិសនីទៅដល់ គឺដោយសារតែមិនទាន់មានផ្លូវ ឬស្ថានភាពផ្លូវពិបាកមិនអាចដឹកសម្ភារៈបរិក្ខាអគ្គិសនីចូលទៅដល់។
ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ម៉ែន ង៉ុយ បានជំរុញឲ្យអាជ្ញាធរ និងអង្គភាពជំនាញ ពិភាក្សានិងលើកផែនការកសាង ជួសជុលផ្លូវ ទាំងនោះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងជាពិសេស​ជួយពន្លឿនការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅតាមទីជនបទ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ធានាផ្គត់ផ្គង់អគ្គិសនីដល់គ្រប់ភូមិទូទាំងប្រទេសត្រឹមឆ្នាំ២០២០ គ្រប់គ្រួសារ មានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០៣០។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជម្រាប​​ជូនអង្គប្រជុំ ពេលសកម្មភាពការងារសំខាន់ៗរបស់ខេត្តដែលបានធ្វើក្នុងខែមករា កន្លងទៅនេះ មានដូចជា ៖
១. ការងារទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានសហការជាមួយនឹងគណៈកម្មការជំនាញថ្នាក់ជាតិ ចុះដកបង្គោលរបងដែលបានបោះនៅលើទីតាំងដីសាធារណៈរបស់រដ្ឋ ដីក្រុមហ៊ុនវិនិយោគ បានចំនួន ១៥ទីតាំង ស្ថិតនៅក្នុងស្រុកអូររាំង។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបានគិតគូរនិងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ដីស្របច្បាប់ និងអនុវត្តវិធានការច្បាប់ចំពោះជនខិលខូចណាដែលឆ្លៀតឱកាសចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
២. ការស្ដារ កសាងប្រព័ន្ធធារាសាស្រ្ត នៅចំណុចទំនប់លើ ទំនប់ក្រោមនិងអូរទេ ដើម្បីពង្រីកទំហំប្រភពផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងសែនមនោរម្យ សម្រេចបានជាង ៤០ភាគរយ ហើយបន្ទាប់ពីការសាងសង់រួច​រាល់ជាស្ថាពរ តំបន់ទាំងនេះនឹងជួយលើកតម្កើងសោភ័ណភាពខេត្ត ជាតំបន់លំហែកាយ ការដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង