កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២
ខេត្តសៀមរាប៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤ ០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។
ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង ដែលបង្ហាញពីការកំរើកសកម្មភាពទេសចរណ៍ជាបន្តបន្ទាប់ តាមរយៈព្រឹត្តិការណ៍នានា បើទោះបីការគំរាមគំហែង ដោយការបំលែងខ្លួននៃមេរោគកូវីដ-១៩ អូមីក្រុង នៅតែបន្តក្ដី។
ទន្ទឹមនោះ តាមសេចក្ដីរាយការណ៍ដដែល បញ្ជាក់ថា ក្នុងចំណោមអ្នកទេសចរសរុប មានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណជាង៥០០នាក់។ ជាមួយនោះ អ្នកទេសចរធ្វើដំណើរតាមជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាង១២០នាក់ ត្រូវបានត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្តរហ័ស បង្ការកូវីដ១៩ ដែលជាលទ្ធផល គឺពុំមានវិជ្ជមានជំងឺកូវីដ-១៩ឡើយ។
សូមជម្រាបដែរថា ដើម្បីចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរមានសែស្រឡាយចិន និងវៀតណាម ក៏ដូចជាជនបរទេសមានវត្តមាននៅប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចថា “នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង។”
ជាមួយនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា ក៏បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចផងដែរ និងបានសង្កត់ធ្ងន់លើសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ «សេរីភាពខាងជំនឿ សាសនា ត្រូវបានធានាដោយច្បាប់។ ភាពសុខដុមខាង ជាតិសាសន៍ ជំនឿ សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្តល់លទ្ធភាពឱ្យយើងបានកសាង អភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខដូចជាសព្វថ្ងៃ ចេះគោរពគ្នាទៅវិញទៅមក ទោះបីមានជំនឿ មានសាសនាផ្សេងគ្នាយ៉ាងណាក្តី។” អរគុណសន្តិភាពណ (អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង)