ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក ខេត្តសៀមរាប អញ្ជើញសម្ពោធទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រឡាញ់
ខេត្តសៀមរាប៖ ពិធីប្រកាសសេចក្ដីសម្រេចកែសម្រួលសមាសភាពនិងបញ្ចូលសមាភាពថ្មីរបស់គណៈកម្មាធិការ ស.ស.យ.ក ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ១០៧រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាប្រធាន ស.ស.យ.ក ខេត្តសៀមរាប និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធាន ស.ស.យ.ក.ខេត្ត និងជាប្រធានក្រុមការងារចុះជួយ ស្រុកក្រឡាញ់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានការិយាល័យសុខាភិបាលស្រុក កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងក្រុមគ្រួសារ ស.ស.យ.ក ខេត្តសៀមរាប និងស្រុកក្រឡាញ់ផងដែរ។
ក្នុងពិធីនេះផងដែរ ឯកឧត្ដមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងារដែលសម្រេចបាន និងទិសដៅការងារបន្តរបស់ ស.ស.យ.ក.ស្រុក ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់ សមាជិក សមាជិកា ខិតខំបន្តពង្រឹង និងពង្រីកសកម្មភាពការងារជាបន្ត ដោយឈរលើស្មារតីសាមគ្គីភាពឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារសង្គម មនុស្សធម៌ ស្របតាមឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក.ខេត្ត។
លើសពីនេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាជូនដល់ ស.ស.យ.ក.ស្រុកក្រឡាញ់ ចំនួន ១០,០០០,០០០រៀល និងឧបត្ថម្ភគ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ដើម្បីយកទៅប្រើប្រាស់ផងដែរ នាពេលព្រឹក។
នៅពេលរសៀល ឯកឧត្ដមប្រធាន បានបន្ត អញ្ជើញចុះជួបសួរសុខទុក្ខនិងចែកអំណោយឧបត្ថម្ភជូនដល់ក្រុមគ្រួសារយុវជន ស.ស.យ.ក.ស្រុក ដែលមានជីវិភាពខ្វះខាត ចំនួន ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា ចំនួន ១០០.០០០រៀល អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងត្រីខ ១យួរ សម្រាប់យកទៅផ្គត់ផ្គង់ក្នុងជីវិភាពប្រចាំថ្ងៃផងដែរ៕ អរគុណសន្តិភាព