ជែលលាងដៃ ៧២៨កេស (ស្មើនឹង ១១.៦៤៨ដប) ត្រូវបានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩
ខេត្តពោធិ៍សាត់៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៧២៨កេស (ស្មើនឹង ១១.៦៤៨ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ (សាខាទី២៣) មន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង២៣ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង៧ នៅខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ពិធីប្រគល់-ទទួលជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វេជ្ជ. អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។
ទន្ទឹមនឹងនេះ ឯកឧត្តម វេជ្ជ. បានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។
ជាមួយគ្នានេះ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍធនធានមនុស្សដល់មន្ត្រី-បុគ្គលិកសាខា តាមរយៈ ការបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វើឱ្យមន្ត្រី-បុគ្គលិកសាខា មានចំណេះដឹង មានសមត្ថភាព បំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ហើយបានឈានពីកម្រិតអប្បបរមា និងឈានដល់កម្រិតអភិវឌ្ឍន៍ទី១ តាំងតែពីអាណត្តិទី៤ រហូតដល់អាណត្តិទី៥នេះ។
សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានជែលលាងដៃចំនួន ៧២៨កេស (ស្នើនឹង ១១.៦៤៨ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ចំនួន ១២៨កេស ស្មើនឹង ២ ០៤៨ដប មន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង២៣ ដែលនីមួយៗទទួលបាន ២០កេស ស្មើនឹង ៧.៣៦០ដប អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ដែលនីមួយៗទទួលបាន ២០កេស ស្មើនឹង ៣២០ដប។
គួររំលឹកដែរថា ជែលលាងដៃខាងលើនេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ៕ អរគុណសន្តិភាព