ជែលលាងដៃចំនួន ៧៣០ កេស (ស្មើនឹង ១១.៦៨០ដប) ត្រូវបានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃស្រុក ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៧៣០កេស (ស្មើនឹង ១១.៦៨០ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង (សាខាទី២៤) អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង៨ ការិយាល័យប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក សរុបទាំង៥១ ក្នុងខេត្តកំពង់ឆ្នាំ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ពិធីប្រគល់-ទទួលជាផ្លូវការ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត តំណាងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងលោកជំទាវ ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជ. ពាំនាំនូវប្រសាសន៍ការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរនូវសុខនិងទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាគិតគូរទៅដល់ការយកចិត្តទុកដាក់នៃការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងការកោតសរសើរ ថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកតំបន់ប្រតិបត្តិការសឹករង បុគ្គលិកសុខាភិបាលនៅតាមស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទាំងអស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ ដែលបានខិតខំចូលរួមកម្លាំងជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។
ទន្ទឹមនឹងនេះ ឯកឧត្តម វេជ្ជ. បានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីក​រាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ​កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៊ន សុភី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត និងនិយាយដោយឡែកជួយគាំទ្រធនធានសម្ភារៈ និងថវិកាក្នុងការឆ្លើយតបការងារមនុស្សធម៌ក្នុងរយៈពេល ១ឆ្នាំ ២០២១កន្លងមកនេះ សាខា និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេង គ្រួសារចត្តាឡីស័ក និងចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ សរុប ៧៦៩គ្រួសារ។
សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានជែលលាងដៃចំនួន ៧៣០​កេស (ស្នើនឹង ១១.៦៨០ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ចំនួន ២០កេស ស្មើនឹង ៣២០ដប អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៨ ដែលនីមួយៗទទួលបាន ២៥កេស ស្មើនឹង ៣២០០ដប ស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ទាំង៥១ ដែលនីមួយៗទទួលបាន ១០កេស ស្មើនឹង ៨.១៦០ដប៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង