ក្រុមគ្រូពេទ្យ ធ្វើតេស្តយកសំណាក លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ រកឃើញមានចំនួន០៤នាក់ ផ្ទុកមេរោគកូវីដ-១៩
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់ ដោយបានរកឃើញមានចំនួន០៤នាក់ ផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDAបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ចំនួន ២៦៣នាក់ ជាលទ្ធផលគិតត្រឹមម៉ោង០៦:៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចក្តាឡីស័ក រយៈពេល៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុត តាមវិធានសុខាភិបាល។
បន្ទាប់ពីការធ្វើចក្តាឡីស័កចប់ ត្រូវយកសំណាក នៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគ មេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕ អរគុណសន្តិភាព