សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ាឲ្យចេញផុតពីសង្គ្រាមឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ជាថ្មីទៀតថា ការឈានជើងចូលទៅសម្របសម្រួលដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ារបស់សម្តេច គឺគ្មានផលប្រយោជន៍អ្វីឡើយសម្រាប់កម្ពុជា ក្រៅពីចង់ជួយដល់ប្រជាជនមីយ៉ាន់ម៉ាចេញផុតពីសង្គ្រាម។ សម្តេចតេជោ ថ្លែង​ដូច្នេះ​ ក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ​នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា វិធីសាស្ត្ររបស់សម្តេចក្នុងការសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា គឺធ្វើយ៉ាងណាពន្លត់ភ្លើងសង្គ្រាមជាមុនសិន ទើបដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀតត្រូវដើរតាមក្រោយ។ ការថ្លែងដូច្នេះរបស់សម្តេចតេជោ គឺបន្ទាប់ពីមានការរិះគន់មកលើដំណើរការរបស់សម្តេចក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសភូមានេះ និងក៏មានអ្នកកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចដែរ។ ទោះយ៉ាងណាសម្តេចថា នេះជាដំណើរការប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងដំណើរការចរចាផ្សះផ្សារស្វែងរកសន្តិភាពនៅក្នុងប្រទេសភូមា គឺមិនអាចទាត់ចោលភាគីណាមួយបានឡើយ។ សម្តេចតេជោ បានលើកឧទាហរណ៍ជាក់ស្តែងពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាំងពីចុងទស្សវត្សរ៍៨០ ពោលគឺក្រោយពេលដែលប្រទេសកម្ពុជាត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ប្រសិនអ្នកប្រឆាំងចង់ទាត់ចោលក្រុមយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបច្ចុប្បន្ន ឬក៏ចង់ធ្វើសង្គ្រាមផ្តួលពួកយោធា តើមានកងទ័ពប៉ុន្មាននាក់ទៅតទល់ជាមួយនឹងកងទ័ពមីយ៉ាន់ម៉ា? សម្តចថា បើមានលទ្ធភាពសូមអញ្ជើញធ្វើទៅចុះ! ទោះយ៉ាងសម្តេចថា សម្តេចមិនបោះបង់ចោលការខិតខំរបស់សម្តេច ក្នុងការស្វះស្វែងរកការសម្របសម្រួលឈានទៅពន្លត់ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ានោះដែរ។
គួរបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ាជាបញ្ហារសើបដែលអាស៊ានក៏ដូចជាពិភពលោកកំពុងចាប់អារម្មណ៍ ប៉ុន្តែកម្ពុជាក្នុងនាមប្រធានអាស៊ាន បានបង្ហាញភាពក្លាហាន និងការទទួលខុសត្រូវ ដោយឈានជើងចូលទៅ​ជួយដោះស្រាយ ដោយផ្អែកលើបទពិសោធន៏ដែលខ្លួនមានកាលពីអតីតកាល៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង