អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim នឹងជួបប្រជុំត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុននៅក្នុងសប្តាហ៍នេះ

បរទេស៖ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim នឹងជួបប្រជុំត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
លោក Kim នឹងធ្វើដំណើរទៅកាន់ទីក្រុង Honolulu រដ្ឋ Hawaii ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីជួបជាមួយលោក Noh Kyu-duk របស់កូរ៉េខាងត្បូង និងលោក Funakoshi Takehiro របស់ប្រទេសជប៉ុន។ នេះបើយោងតាមក្រសួងនេះបានឱ្យដឹង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបាននិយាយឱ្យដឹងថា «អ្នកតំណាងពិសេស លោក Kim នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយអគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងមហាសមុទ្រនៃប្រទេសជប៉ុន លោក Funakoshi Takehiro និងអ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Noh Kyu-duk ដើម្បីពិភាក្សាអំពីបញ្ហាទូលំទូលាយ រួមទាំងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េ សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី និងការដោះស្រាយភ្លាមៗនៃបញ្ហាការចាប់ពង្រត់»។
បេសកជននុយក្លេអ៊ែរទាំងបីនឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ដែលគ្រោងនឹងធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីនៅថ្ងៃសៅរ៍ខាងមុខនេះផងដែរ។
សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា «អ្នកតំណាងពិសេស Kim អ្នកតំណាងពិសេស Noh និងលោកអគ្គនាយក Funakoshi ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនោះដែរ ដែលនៅក្នុងនោះសហរដ្ឋអាមេរិកនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខក្នុងតំបន់ និងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ»។
កិច្ចប្រជុំទាំងនោះធ្វើឡើងបន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ដែលសហរដ្ឋអាមេរិកបានថ្កោលទោសថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បេសកជននុយក្លេអ៊ែរទាំងនោះក៏បានធ្វើការសន្ទនាតាមទូរស័ព្ទត្រីភាគីផងដែរកាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលជាគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតដែលត្រូវបានបាញ់ដោយទីក្រុងព្យុងយ៉ាងចាប់តាំងពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបចុងក្រោយរបស់ខ្លួនកាលពីចុងឆ្នាំ២០១៧ មក៕ by AKP
អត្ថបទដែលជាប់ទាក់ទង