សម្ដេចតេជោនិងឯកឧត្តមឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង៩៣.៥៦គ.មនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន

ខេត្តក្រចេះ៖ នាថ្ងៃទី៧ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង៩៣.៥៦គ.មនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន។
ឯកឧត្តម Wang Wentian មានប្រសាសន៍ថា ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរ។ វាមិនត្រឹមតែជាគម្រោងដ៏សំខាន់មួយសម្រាប់ជំនួយភាគីចិនជូនចំពោះភាគីកម្ពុជាប៉ុណ្ណោះទេ ក៏ជាគម្រោងដែលមានលក្ខណៈពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃជំនួយរបស់ចិនជូនចំពោះប្រទេសលើសកលលោកនាពេលនោះផងដែរ។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងជាថវិកាម្តងទៀតដល់ភាគីកម្ពុជាក្នុងការជួសជុលផ្លូវមួយនេះ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ប៉ែកឦសាន​នៃប្រទេសកម្ពុជាយ៉ាងមានប្រសិទ្ធភាព។ រីឯការដាក់ឱ្យប្រើប្រាស់គឺជាកំណាត់ផ្លូវខាងត្បូង រដ្ឋាភិបាលចិននឹងពិចារណាបន្តជួយជួសជុលកំណាត់ផ្លូវខាងជើង។ ផ្លូវលេខ៧មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំសម្រាប់ជំនួយរបស់ចិនមកកាន់កម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយប៉ុណ្ណោះទេ ក៏ជាសក្ខីភាពក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងចិន-កម្ពុជានិងសហគមន៍វាសនារួមរវាងចិន-កម្ពុជាកាន់តែស៊ីជម្រៅមួយកម្រិតទៀត។
ឯកឧត្តម Wang Wentian បានបន្តទៀតថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស រីឯចំណងមិត្តភាពរវាងប្រជាជនទាំងពីរប្រទេសកាន់តែជិតស្និត។ ភាគីចិនរីករាយជាខ្លាំងដែលបានក្លាយជាអ្នកគាំទ្រនិងជាអ្នករួមដំណើរលើវិថីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា និងជាមិត្តជិតស្និទ្ធបងប្អូនដែកថែបជាមួយកម្ពុជាដែលស្គាល់គ្នាទៅវិញទៅមក។ កាលពីប៉ុន្មានថ្ងៃមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំង ដែលនេះបានឆ្លុះបញ្ចាំងពីការគាំទ្រនិងចំណងមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់ព្រះរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនចំពោះប្រទេសចិន ក៏ជាការបដិសេធយ៉ាងល្អបំផុតទៅកាន់ប្រទេសមួយចំនួនដែលបានចោទប្រកាន់មិនពិតមកលើចិន។
ជឿថាក្នុងឆ្នាំថ្មីនេះ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជានឹងទទួលបានការអភិវឌ្ឍន៍និងមានភាពរីកចម្រើនលឿនដូចខ្លា ហើយដើមឈើមិត្តភាពចិន-កម្ពុជានឹងបែកមែនសាខាលាស់ស្លឹកល្អនិងផ្លែផ្កាច្រើនសន្ធឹកសន្ធាប់!
សម្ដេចតេជោបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះគឺកំណាត់ផ្លូវខាងត្បូងនៃផ្លូវជាតិលេខ៧ គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពរវាងចិននិងកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរីដែលខេត្តទាំងនេះនៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា និងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៃតំបន់ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទីបួនរបស់កម្ពុជាក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ចាប់តាំងពីចុងឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ មានដូចជាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ, ពិធីបើការដ្ឋានសាងសង់ផ្លូវជាតិលេខ71C និងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ។ ខែក្រោយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនឹងប្រគល់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្ពុជាសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន។ ក៏សូមថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យកិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជាទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ហើយសេដ្ឋកិច្ចនិងសង្គមបានចាប់ផ្តើមងើបឡើងវិញជាលំដាប់។ ចិនគឺជាបង្អែកយុទ្ធសាស្រ្តយ៉ាងពិតប្រាកដរបស់កម្ពុជា។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ការិយាល័យកិច្ចការពិសេសនៃភាគីចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យមៀនប៉ៃលិនកម្ពុជា ត្រីប្រា និងកសិជលផលផ្សេងទៀតដែលនាំចេញទៅកាន់ទីផ្សារចិន។ ប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៤ ហើយមានតែប្រមុខរដ្ឋនិងថ្នាក់ដឹកនាំមួយចំនួនប៉ុណ្ណោះដែលត្រូវបានអញ្ជើញចូលរួម។ ការអញ្ជើញព្រះករុណាព្រះមហាក្សត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង គឺជាកិត្តិយសដែលភាគីចិនបានផ្ដល់ជូនភាគីកម្ពុជា ហើយការរៀបចំទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវចំណងមិត្តភាពជាពិសេសនិងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង