ក្រុមប្រឹក្សារាជធានី កោតសរសើរចំពោះ ការដោះស្រាយបាតុកម្មនៅណាហ្គាវើដ៏ដោយភាពអត់ធ្មត់ម៉ឹងម៉ាត់ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋាននានា

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានមួយ​ចំនូន​របស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញ១ខែមករាកន្លងមកនេះ ក្នុងនោះបានដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើដ៏ដោយអត់ធ្មត់តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋានានា ហើយបញ្ហាសំរាមក៏ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ខិតខំដោះស្រាយបានយ៉ាងល្អប្រសើរផងដែរ។

ការកោតសរសើរខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមករា នេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើក៣៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីពិតជា មានការកោតសរសើរ ចំពោះគណៈអភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបាន ដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ដោយភាពអត់ធ្មត់តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញា​​ញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋានានា សូមកោតសរសើរលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំដោះស្រាយ ដាក់ធុងសំរាមតាមផ្លូវនានា ពិសេសខណ្ឌក្នុងរាជ​ធានី ធ្វើឱ្យសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរាជធានី ភ្នំពេញកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃនិងសូមអបអរសាទរ និងថ្លែងអំណរគុណលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលបាន​ផ្តួច​ផ្តើម​សាងសង់ស្ពានអាកាសឫស្សីកែវ ដែលបានសម្រួលដល់ការកកស្ទះចរាចរតាមផ្លូវជាតិលេខ៥ពិសេសតំបន់ឫស្សីកែវ និងតំបន់ក្បែរៗនោះ។


ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើដ៏ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ បញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ វាមិនមែនជារឿងធម្មតាពេកទេ ដោយ​សារតែបាតុករត្រូវបានរៀបចំនិងមានការចាត់តាំង ដែលយើងពិបាកក្នុងការដោះស្រាយបញ្ចប់ ។បន្ថែមពីលើនេះទៀត ការជួបជុំធ្វើបាតុកម្មនេះបានបង្កអោយមានការរីករាលដាលជម្ងឺកូវីដ-១៩ប្រភេទ អូមីក្រុង​ថែមទៀត ។

លោក កើត ឆែ បញ្ជាក់ថា មកដល់ពេលនេះ ក្រុមបាតុករចំនួនជាង៥០នាក់ហើយដែលមានវិជ្ជមាន​កូវីដ-​១៩ ។ នេះមិនបានគិតចំពោះបាតុករមួយចំនួនទៀត ដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការយកសំណាកផងទេ ។

លោក កើត ឆែ ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងក៏បានធ្វើការឃាត់ខ្លួនក្រុមបាតុករមួយចំនួនផងដែរ តែការឃាត់ខ្លួននោះ គឺអនុវត្តទៅតាមនីតិវិធីនៃច្បាប់ទាំងអស់ ។
លោកកើត ឆែ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក្នុងនាមគណៈអភិបាលរាជធានីក៏បានជូនបាច់ផ្កាទៅលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផងដែរ ក្នុងឱកាសដែលលោកម៉ប់ សារិនត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស៕ អរគុណសន្តិភាព

 

អត្ថបទដែលជាប់ទាក់ទង