អតីតសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យពីអតីតគណបក្សCNRC ប្តូរទស្សនៈមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តបន្ទាយមានជ័យ៖ អតីតសមាជិកក្រុមប្រឹក្សា និងជាសមាជិកគណៈកម្មការប្រតិបត្តិខេត្តបន្ទាយមានជ័យម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ(CNRP)ដែលជាគណបក្សប្រឆាំង លោក រិន រ៉ី ដែលក៏ជាថ្នាក់ដឹកនាំដ៏សកម្មនិងមានប្រជាប្រិយមួយរូប បានសម្រេចប្តូរទស្សន:មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក រិន រ៉ី និងភរិយា បានអោយដឹងកាលពីថ្ងៃទី១០ខែកុម្ភ:ថា៖រូបលោកនិងក្រុមគ្រួសារ បានយល់ដឹង បានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយប្រទេសនេះកិងប្រជាជនកម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយភាពសុខសាន្ត និងមានសុភមង្គល។
លោក រិន រ៉ី បានអះអាងថា ៖ ខ្ញុំសូមស្បថសច្ចាថា នឹងស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាពិសេសប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត និងជារៀងរហូត។
ជាមួយការបង្ហាញពីគុណតម្លៃនិងគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក រិន រ៉ី ក៏បានលើកពីគុណវិបត្តិមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឱ្យរូបលោកឆ្អែតចិត្ត លែងចង់ និងដាច់អាល័យជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះផងដែរ។
សូមបញ្ជាក់ថា ពិធីប្រគល់សេចក្តីសម្រេច និងប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជាជូន លោក រិន រ៉ី និងភរិយា ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកុម្ភ: ២០២២ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា៖ យើងខ្ញុំស្វាគមន៍ដ៏កក់ក្តៅនិងធានាចំពោះការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ សមស្របពេលវេលាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ របស់លោក រិន រ៉ី និងភរិយា ៕ អរគុណសន្តិភាព