មនុស្សជាង ៨០ ០០០នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋធំជាងគេលំដាប់ទីពីររបស់សហរដ្ឋអាមេរិក
USA៖ នាយកដ្ឋានសេវាសុខភាពរដ្ឋតិចសាស់បានប្រកាសកាលពីរសៀលថ្ងៃពុធថា ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សជាង ៨០ ០០០នាក់នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋធំលំដាប់ទីពីររបស់សហរដ្ឋអាមេរិក។
យោងតាមទិន្នន័យចុងក្រោយបានឱ្យដឹងថា ការរាប់ជាផ្លូវការដោយផ្អែកទៅលើសំបុត្រមរណភាព គឺមានចំនួន ៨០ ០០៥នាក់ ។ ប្រជាជននៅរដ្ឋតិចសាស់ជាមធ្យមប្រមាណ ១៩០នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
លើសពីនេះទៀត ការចំណាយពិតប្រាកដដោយសារវីរុសបម្លែងថ្មីអូមីក្រុងប្រហែលជាមិនត្រូវបានដឹងទេអស់រយៈពេលជាច្រើនខែមកចាប់តាំងពីការមានការចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងការស្លាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍ដោយសារការឆ្លងជំងឺកូវីដ-១៩ ហើយវាអាចចំណាយពេលច្រើនសប្តាហ៍ទៀតដើម្បីរៀបចំចំនួនតួលេខករណីស្លាប់ផ្លូវការ។ នេះបើយោងតាមរបាយការណ៍ពី Houston Chronicle ។
របាយការណ៍នោះបាននិយាយថា រដ្ឋតិចសាស់ជាប់ជាមួយរដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋធំបំផុតរបស់សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេនៅក្នុងប្រទេស បើទោះបីជាមានប្រជាជនរស់នៅតិចជាង ១០លាននាក់ក៏ដោយ។
លោក William McKeon ប្រធាន និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋតិចសាស់ ដែលតំណាងឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យសំខាន់ៗរបស់ទីក្រុង Houston បាននិយាយថា នៅទីក្រុង Houston ដែលជាទីក្រុងធំបំផុតក្នុងរដ្ឋតិចសាស់ អ្នកជំងឺកូវីដ-១៩ ចំនួន ៩០ភាគរយដែលកំពុងសម្រាកព្យាបាលនៅផ្នែកសង្រ្គោះបន្ទាន់ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ។
លោក McKeon បាននិយាយថា «មនុស្សជាច្រើនបានស្លាប់ដោយសារការជ្រើសរើសយកការមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩»។
របាយការណ៍នោះបាននិយាយថា សុខាភិបាលសហព័ន្ធបានព្យាករថា រដ្ឋតិចសាស់អាចកត់ត្រានូវករណីស្លាប់ដោយសារជំងឺរាតត្បាតនេះចំនួន ៤ ០០០នាក់បន្ថែមទៀតនៅចុងខែកុម្ភៈខាងមុខនេះ៕ by AKP