លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយជូនលោកគ្រូ អ្នកគ្រូចំនួន៣៧នាក់ និងសិស្សានុសិស្សចំនួន៩០នាក់ នៅវិទ្យាល័យអប់រំពិសេស
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយជូនលោកគ្រូ អ្នកគ្រូចំនួន៣៧នាក់ និងសិស្សានុសិស្សចំនួន៩០នាក់ នៅវិទ្យាល័យអប់រំពិសេស ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់១៤កុម្ភៈ។
អញ្ជើញអមដំណើរលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនោះ រួមមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ កែ សួនសុភី ស សុខា ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងប្រតិភូជាច្រើនរូបទៀត។
ក្នុងនាមសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ឯកឧត្តម ស សុខា បានជម្រាបជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ដោយឯកឧត្តមរដ្ឋលេខាធិការបានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ថែទាំជនមានពិការភាព ក្នុងនោះក៏មានប្អូនៗកុមារដែរ ដោយបានបង្កើតសាលាបណ្តុះបណ្តាល និងសាលាអប់រំពិសេស ចាប់ពីថ្នាក់បឋម រហូតមហាវិទ្យាល័យ និងបានគិតគូររការងារជូនដោយមិនមានការរើសអើង។
អំណោយដែលលោកជំទាវ ញ៉ែម សាខន ស ខេង បានផ្ដល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនាឱកាសនោះ រួមមាន ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសនូវអង្ករ២តោន មី១៨កេស ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០កេស ត្រីខ៣០០កំប៉ុង ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ នំធុង៥ធុងធំ ថ្នាំពេទ្យប៉ារ៉ា១៥០ប្រអប់ ចាននិងចង្កឹះ១០០ឈុត និងថវិកាប្រគល់ជូនលោកគ្រូ អ្នកគ្រូចំនួន ៣៧នាក់ ក្នុងម្នាក់ទទួលបានថវិកា៤ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៩០នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល។
សូមបញ្ជាក់ថាបន្ទាប់ពីបានជួបសំណេះសំណាល់ និងផ្ដល់ជូនអំណោយរួចហើយនោះ លោកជំទាវ ញែម សាខន ស ខេង និងប្រតិភូក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕ អរគុណសន្តិភាព