ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង
នាព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង ដែលមានកូនឈើប្រភេទដើមក្រញូង ដើមបេង និងប្រភេទកូនឈើហូបផ្លែជាច្រើន ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំដុះ និងជួយបង្កើតគម្របព្រៃឈើ ក្នុងភូមិសាស្រ្តនៃស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកពាមរក៍ កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយរដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងខេត្ត ដើម្បីរៀបចំផែនការដាំដុះកូនឈើលើដីរបស់រដ្ឋ ទីសាធារណ: ក្នុងវត្តអារាម មន្ទីរពេទ្យ តាមដងវិថីក្នុងក្រុង-ស្រុក និងសាលារៀន ដើម្បីបង្កើតគម្របព្រៃឈើបៃតងឡើងវិញ និងជាពិសេសជួយកាត់បន្ថយការឡើងកំដៅ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ នាពេលនេះ។
សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេស លោកប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងសហការី ដែលបានខិតខំអភិវឌ្ឍសួនបណ្តុះកូនឈើនេះ ទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។
ជាទីបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត សូមកោតសរសើរ និងលើកទឹកចិត្តដល់រដ្ឋបាលខ័ណ្ឌព្រៃឈើខេត្ត និងមន្ត្រីជំនាញទាំងអស់ ដែលបានសហការ សម្របសម្រួល ដើម្បីអោយដំណើរការដាំដុះកូនឈើពូជ និងបច្ចេកទេសថែទាំ ការពារផ្សេងៗ ប្រកបដោយប្រសិទ្ធិភាព៕