ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ដល់បទសម្ភាសន៍ ដល់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ការសរសេរសៀវភៅ “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន០៥រូប ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិទ្យាស័ក សាស្រ្តាចារ្យរង នៃបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញផ្ដល់បទសម្ភាសន៍ ព្រមទាំងផ្ដល់ឯកសារពាក់ព័ន្ធសម្រាប់ការសរសេរសៀវភៅ “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”
ដោយអនុវត្តតាមសេចក្ដីសម្រេច និងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំប្រមូលចងក្រង និងតាក់តែងសៀវភៅ មានចំណងជើងថា “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”។ ក្នុងដំណើរការ នៃការសរសេរសៀវភៅនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវការទិន្នន័យនឹងព័ត៌មានគ្រប់ប្រភេទ ក្នុងរយៈពេល២៧ឆ្នាំ (១៩៩៣-២០២០) ដែលបានមកតាមរយៈការធ្វើបទសម្ភាសន៍ និងឯកសារផ្សេងៗ។
ជាការពិតណាស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក គឺជាថ្នាក់ដឹកនាំមួយរូបដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការដឹកនាំបញ្ជានិងគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ព្រមទាំងមានទស្សនវិស័យ បទពិសោធ ផែនការ វិធានការ និងដំណោះស្រាយល្អៗ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឱ្យសម្រេចបានជោគជ័យ។
ក្នុងន័យខាងលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ស្នើសុំ ឯកឧត្តម នាយកឧត្តមសេនីយ៍ អគ្គនាយក អនុញ្ញាតដល់ក្រុមការងារសរសេរសៀវភៅនេះ បានជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាង ឯកឧត្តម នាយកឧត្តមសេនីយ៍ អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕