សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដកស្រង់សង្ខេប អំពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា នៅក្នុងឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចូលរួមធ្វើឱ្យសម្រេចនូវសមិទ្ធផលគោលនយោបាយ និងសង្គមជាច្រើន តាមរយៈការខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដែលបានផ្ដល់ជារបាយការណ៍មូលដ្ឋាន សម្រាប់ក្រុមការងារបូកសរុបធ្វើជារបាយការណ៍រួម។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា អ្នកចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងមានអ្នកចូលរួមជាង៣០០នាក់ ហើយអ្នកចូលរួមទាំងអស់ តម្រូវឱ្យធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯង។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា បើអ្នកចូលរួមមិនបានធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯងទេ ត្រូវធ្វើតេស្ដ នៅកន្លែងកម្មវិធីផ្ទាល់ ដើម្បីធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត៕ នាយកដ្ឋានព័ត៌មានវិទ្យា





