សមិទ្ធផលនានាជាច្រើននៅស្រុកល្វាឯម ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ខេត្តកណ្តាល៖ នៅថ្ងៃទី១៩ខែគុម្ភៈឆ្នាំ២០២២ សមិទ្ធផលនានាជាច្រើនដូចផ្លូវបេតុង ស្ពាន សួនច្បារ និងទីតាំងទាត់បាល់យុវជន នៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
អមដំណើរ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលផងដែរ។
សមិទ្ធផលនានាដែលត្រូវបានសម្ពោធនៅពេលនេះរួមមាន-សួនច្បារមួយកន្លែងទំហំ ២០ម៉ែត្រគុណនឹង៣៥ម៉ែត្រ និងទីតាំងទាត់បាល់មួយកន្លែងទំហំ ៧៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ស្ពាន២កន្លែង ប្រវែង ៧៦ម៉ែត្រគុណនឹង៨ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC ពីលើ (ស្ពានព្រែកពោធិ៍ ទំហំ៥១ម៉ែត្រ គុណនឹង ៨ម៉ែត្រ និងស្ពានព្រែកតាព្រហ្មទំហំ ២៥ម៉ែត្រ គុណនឹង៨ម៉ែត្រ) នៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ វិបុល បានលើកឡើងថា សមទ្ធិផលថ្មីៗជាច្រើនដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះគឺកើតចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ុនប្រសពនិងឈ្លាសវៃ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាពជាតិ ដែលប្រទេស កម្ពុជាមិនធ្លាប់មានជាង ៥០០ឆ្នាំកន្លងមក ហើយនឹងទទួលបានការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិផងដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងគុណសន្តិភាព។
ឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមការពារសន្តិភាពដើម្បីអោយប្រទេសរបស់យើងបន្តការអភិវឌ្ឍបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ ៕ អរគុណសន្តិភាព