ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃ​អគ្គលេខា​ធិការដ្ឋានគណៈកម្មាធិការ​កណ្ដាលគណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយរចនាសម្ព័ន្ធ​គណៈចលនា​មហាជនខេត្តសៀមរាប និងមានការអញ្ជើញ​ចូល​រួមពី​សំណាក់ ឯកឧត្តម ទៀ សីហា ប្រធានគណបក្ស​ខេត្តសៀមរាប និងជាប្រធានគណៈចលនា​មហាជនខេត្តសៀមរាប រួមជាមួយ​សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តសៀមរាប។

តាមរបាយការណ៍ ឯកឧត្តម ទៀ សីហា បានលើកឡើងពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សខេត្តសៀមរាប គ្រប់ជាន់ថ្នាក់ដែលបានអនុវត្តការងារ​កន្លង​មកស្របតាមទិសដៅ​ការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលសកម្មភាពទាំងអស់នេះបាន​បង្ហាញ​ពី​ទំនួល​ខុសត្រូវខ្ពស់របស់មន្ត្រីថ្នាក់​មូលដ្ឋានទាំងអស់ចំពោះការគិតគូរ យកចិត្តទុកដាក់ និងនៅ​ជាប់ជាមួយប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋមានតម្រូវ​ការ​ណាមួយ។​

ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម​បានថ្លែងថា ការបំពេញការងារ និងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយផ្អែកលើការ​រួម​កម្លាំងគ្នាជំនះគ្រប់ឧបសគ្គ និងអនុវត្តការងារតាម​ជំហាន​គឺ​ជាការ​សម្រេចបានភាពជោគជ័យ​របស់​គណបក្សប្រជាជនកម្ពុជា ។

សកម្មភាពទាំងអស់បានស្ដែងឱ្យឃើញពីសមត្ថភាពរបស់មន្ត្រីថ្នាក់មូលដ្ឋានដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់​រាជ​រដ្ឋា​​ភិបាល​ពាក់ព័ន្ធ​ទៅ​នឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការគាំពារផ្នែកសុខមាល​ភាព​​​របស់ប្រជាជន ឯកឧត្តម​បានមានប្រសាសន៍បន្ថែមថា កម្ពុជាបានចំណាយធនធានសន្សំរបស់ជាតិ​យ៉ាងច្រើន ដើម្បីការពារអាយុជីវិត​ប្រជា​ពលរដ្ឋ ក្នុងនោះកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបី​ជា​យើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយ​ឲ្យគ្មាន​វ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀត​កម្ពុជា​បាន​យកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាល​ដោយ​ឥតគិតថ្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបើកប្រាក់បៀរវត្សជូន​មន្ត្រី​រាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថាថ្មីៗនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានធ្វើការកែ​សម្រួលរៀប​ចំ​រចនា​សម្ព័ន្ធក្នុងគណបក្សខេត្ត ដែលក្នុងនោះរួមមាន៖ គណៈចលនាមហាជនខេត្ត គណៈចលនាយុវជន ក្រុមចលនា​ស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគម និងដៃ​គូអភិវឌ្ឍន៍។

សូមជម្រាបដែរថា ក្រៅពីរចនាសម្ព័ន្ធ​របស់គណបក្សខេត្តដែលមានស្រាប់ ខេត្តសៀមរាប​បានបង្កើតបន្ថែមនូវគណៈចលនាសាសនិកឥស្លាមផងដែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង