ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាជាតិ​សុខភាពមាតា ទារក និងកុមារ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំង​សមាជិក សមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចូលរួមអបអរសាទរទិវាជាតិ​សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងផ្តល់សេវា​សុខភាព​បន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និង​មាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីចំនួន ៣០០នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះ​សីហនុ។

ស្ត្រីដែលបានចូលរួមចំនួន៣០០នាក់ ក្នុងនោះសង្កាត់លេខ១ ចំនួន១០០នាក់ សង្កាត់លេខ២ ចំនួន ៥០នាក់ សង្កាត់​លេខ​៣ ចំនួន៥០នាក់ និងសង្កាត់លេខ៤ ចំនួន១០០នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារ​លិខិត​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃផែនការ​សកម្មភាព​រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុង​ឱកាស​ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹង​ការ​ផ្ដល់សេវាសុខភាពបន្តពូជសុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-​១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយ​ទឹកដោះ​ម្ដាយ”​។

យើងត្រូវរួមគ្នា ពង្រឹង​ការ​ផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានល្អប្រសើរសមស្រប​ជាមួយនឹង​ប្រធាន​បទ​​នៃទិវាជាតិ​សុខភាពមាតា ទារក និងកុមារឆ្នាំ២០២២នេះ ដោយលើកទឹកចិត្តស្ត្រីទាំងនោះ ឱ្យទៅទទួល​បាន​ការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពី​សម្រាល​កូនត្រូវបន្តថែទាំសុខភាព​ទាំង​ម្ដាយទាំងកូន​រហូតដល់កូនមាន​អាយុ២ឆ្នាំ។

ឯកឧត្តមបានបន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​មាន​ដូចជា៖
១. ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតាម​មណ្ឌល​សុខភាព​ដែល​នៅជិតផ្ទះ​ឱ្យបាន ៤ដងតាមពេលវេលា
២. ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ
៣. បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីទារកកើតរហូតដល់អាយុ៦ខែ
៤. ស្ត្រីមានផ្ទៃពោះ ស្រី្តជាមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ​ការពារ ៣.ការពារ ៣.កុំ និងទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងពេលវេលាកំណត់។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរ​ពី​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាសុខភាព​មាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួមផងដែរ និងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលបាន​ចូលរួម​ចំនួន ៣០០នាក់ មកពី៤​សង្កាត់​ក្នុងក្រុងព្រះសីហនុ ក្នុងម្នាក់ទទួល​បាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី​១យួរ ឃីតមួយកញ្ចប់(សារុង១ ក្រមា១ ភួយ១ កន្ទេល១) ឃីតទារក​មួយកញ្ចប់ មានម៉ាស់មួយកញ្ចប់ ជែលមួយដប និងថវិកា​១០ម៉ឺនរៀល៕ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង