ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ១០០០នាក់ នៅស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ របស់ឯកឧត្តម ហ៊ុន ម៉ានី មានដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួនជាង ៣០០នាក់ បានអញ្ជើញចុះមកពិនិត្យនិងព្យាបាលជំងឺដោយមិនគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតបរិវេណសាលាបឋមសិក្សាកំភុន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងពិធីចុះពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី និងមានអញ្ជើញចូលរួម ពីអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត រួមនឹងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតជំនាញ ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះជាច្រើននាក់ផងដែរ។

តាមការលើកឡើងរបស់កញ្ញា វេជ្ជបណ្ឌិត សោ ស្រីពេជ្រ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានបញ្ជាក់ថា ក្រៅពីការពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូន នាពេលនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី បានយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ ប្រជាជននៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងផងដែរ សុំឱ្យបន្តរួមសហការគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស់ជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ យកអាល់កុលឬជែលតាមខ្លួន រក្សាគម្លាតសុវត្ថិភាពជាដើម តាមវិធានការ បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួន។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម លេង ផាលី បានមានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងមានគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ។ ល។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់គ្នា ដែលបានមក​ជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ មានចំនួនប្រជាពលរដ្ឋជាង ១០០០នាក់ ។

ឯកឧត្តម ក៏សុំកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរទៅដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យ បន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង