ប្រធានាធិបតីអ៊ុយក្រែន ចេញបញ្ជាកែនទ័ពលក្ខណៈទ្រង់ទ្រាយធំ ដោយហាមមិនឲ្យប្រុសៗអាយុចាប់ពី១៨ ទៅ៦០ឆ្នាំ ចាកចេញពីប្រទេសឡើយ

 យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ CNN បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញបញ្ជាឲ្យមានការកែនទ័ពក្នុងលក្ខណៈទ្រង់ទ្រាយធំ ដោយបានចេញបម្រាមហាមឃាត់ពលរដ្ឋជាប្រុសទាំងអស់ដែលមានអាយុពី១៨ ទៅ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេសឡើយ។នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះហត្ថលេខាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈ លោក Zelensky និយាយថា “ដើម្បីធានាការការពាររដ្ឋ រក្សាការត្រៀមខ្លួនប្រយុទ្ធ និងការចល័តកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទម្រង់យោធាផ្សេងទៀត ការកែនទ័ពដែលមានមូលដ្ឋានទូលំទូលាយត្រូវបានបញ្ជា រួមទាំងនៅក្នុងរដ្ឋធានី គៀវ និងទីក្រុងធំៗទាំងអស់របស់អ៊ុយក្រែនផងដែរ”។

សេចក្តី​ប្រកាស​នោះ​​បន្ត​ថា “​ការ​កែន​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល៩០ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​អនុក្រឹត្យ​នេះ។ សេវា​សន្តិសុខ​អ៊ុយក្រែន ត្រូវ​ចាត់​វិធានការ​ប្រឆាំង​នឹង​ចារកម្ម ​ក្នុង​អំឡុង​ពេលនៃ​ការកែន​ទ័ព​ទូទៅ”។

សេចក្តីថ្លែងការណ៍បាននិយាយថា “ជាពិសេសយើងត្រូវបានហាមឃាត់សម្រាប់បុរសដែលមានអាយុពី១៨ឆ្នាំ ទៅ៦០ឆ្នាំ ជាពលរដ្ឋអ៊ុយក្រែនមិនឱ្យចាកចេញពីព្រំដែននៃប្រទេសឡើយ”។ បទប្បញ្ញត្តិនេះនឹងនៅតែជាធរមានសម្រាប់រយៈពេលនៃរបបច្បាប់នៃច្បាប់អាជ្ញាសឹក យើងស្នើឱ្យប្រជាពលរដ្ឋយកព័ត៌មាននេះទៅពិចារណា ៕[KBN]

អត្ថបទដែលជាប់ទាក់ទង