បុរសម្នាក់បើកបររថយន្តម៉ាកford របស់រដ្ឋមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បុកឥតល្ហែ

ភ្នំពេញ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2-5776 បើកបរដោយបុរសម្នាក់សង្ស័យឋិតក្នុងស្ថានភាពស្រវឹងស្រា បានបើកបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7985 នៅម្តុំបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែអ្នកបើកបររថយន្តរថយន្តfordនោះ មិនព្រមឈប់ចុះមកទទួលខុសត្រូវនោះទេ គឺគាត់បានព្យាយាមបើករត់ រហូតមកដល់ផ្លូវលេខ១០១១ កែងនឹងផ្លូវលេខ១៩៧៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បន្តបុករុឺម៉កម៉ូតូមួយគ្រឿងទៀតនៅចំណុចម្តុំផ្សារក្រមួន ហើយអ្នកបើកបររថយន្តនោះ បានបន្តបើកគេចហើយបើកទៅបុកម៉ូតូស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU-5493 ដែលឈប់នៅចំណុចកន្លែងលាងម៉ូតូ ទើបរថយន្តទៅមុខលែងរួច។ តាមប្រភពពីអ្នកបើកបររថយន្តឡិចស៊ិសRX330 បានឱ្យដឹងថា អ្នកបើកបររថយន្តford ពាក់ស្លាកលេខ រដ្ឋ 2-5776នោះ បានបើកមកប៉ះរថយន្តរបស់គាត់តាំងពីនៅម្តុំបឹងកក់ ប៉ុន្តែអ្នកបើកបរស្រវឹងស្រា ហើយមិនព្រមឈប់ចរចាគ្នាទេ គឺព្យាយាមបើករត់គេច ទើបគាត់បានបើករថយន្តរបស់គាត់ដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើ ទើបឈប់ និងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

ឯម្ចាស់រថយន្តford ក៏បានចុះពីរថយន្តរបស់ខ្លួនទាំងទ្រេតទ្រោត ហើយព្រមចេញសងថ្លៃខូចខាតឱ្យទៅខាងម្ចាស់រថយន្តឡិចស៊ិស ម្ចាស់ម៉ូតូស្គូបពី និងម្ចាស់ម៉ូតូរុឺម៉កដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

អ្វីដែលហួសនឹងថ្លែងនោះគឺ ប្រជាពលរដ្ឋនៅក្បែរខាងដែលបានឃើញហេតុការណ៍ចុងក្រោយបានដាក់ជាសំណួរថា តើមានច្បាប់បើកបរបុកគេ សងជាលុយរួចខ្លួនមែនទេ? ហើយច្បាប់បានចែងដូចម្តេចខ្លះចំពោះអ្នកស្រវឹងបើកបរ? តើពាក្យថា អនុវត្តច្បាប់ឲ្យដូចជាភ្លៀងរលឹមនោះ កប់បាត់ក្រោមទឹកភ្លៀងមែនទេ? ៕ អរគុណសន្តិភាព

