កម្ពុជា និងតួកគី បានចុះហត្ថលេខារួចរាល់ហើយលើកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធាណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Agreement between the Government of the Kingdom of Cambodia and the Government of the Republic of Turkey for the Avoidance of Double Taxation and the Prevention of Fiscal Evasion with Respect toTaxeson Income) ត្រូវបានចុះហត្ថលេខារួចហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅសាធារណរដ្ឋតួកគី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ម៉េវលុត ឆាវ៊ូសអ៊កលូ រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋតួកគី ក្នុងនាមរដ្ឋាភិបាលតួកគី។ តួកគី គឺជាដៃគូDTA ទី១ ដែលកម្ពុជាមានជាមួយប្រទេសនៅតំបន់អឺរ៉ុប និងក៏ជាសមាជិកG20 ទី៤ ដែលកម្ពុជាមាន DTA ជាមួយផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើ DTA ចំនួន១១ រួចហើយគឺ៖កម្ពុជា-សិង្ហបុរី,កម្ពុជា-ថៃ,កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង, កម្ពុជា-ព្រុយណេ, កម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ, និង កម្ពុជា-តួកគី ដែលទើបនឹងបានចុះហត្ថលេខានាពេលនេះ។
ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងធ្វើការចរចា DTA ជាមួយប្រទេសដៃគូមួយចំនួន ដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗ ជាច្រើនដែលរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាព្រមទាំងការចង្អុលបង្ហាញដោយផ្ទាល់ និងជាប្រចាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង