Detail Top Banner

ក្រុមប្រឌិត​ព័ត៌មាន​អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ធ្វើជា​ទាសករ​លក់​ឈាម​នោះ ប៉ូលិសបាន​ចាប់ខ្លួន​ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន និង​បក្ខពួកហើយ

ភ្នំពេញ៖ ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន និង​បក្ខពួក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនហើយ ១. ឈ្មោះ CHEN BAO YONG មាន​តួនាទី​ជា​ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន​។ ២. ឈ្មោះ TAN XIAO MEI ភេទ ស្រី ជា​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ថៃ​ខាង​។ ៣. ឈ្មោះ CHEN XIAO HUA អ្នក​មើលថែ​ជំងឺ នៃ​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន និង​ទី​៤. ឈ្មោះ LI YA YUAN LUN ជា​អ្នកជំងឺ​ ។ នេះបើតាមប្រភពមន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​ឲ្យដឹងកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ២០២២​។
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ នៃ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា រយៈពេល​ថ្មីៗ​កន្លងមកនេះ មាន​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន បានធ្វើការផ្សព្វផ្សាយ​ព័ត៌មានតៗគ្នា ​ស្តីពី​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ក្នុងខេត្ត​ព្រះសីហនុ ដោយបាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់ សាធារណៈមតិ​ជាតិ អន្តរជាតិ​ជាច្រើន​។ ទាក់ទង​ព័ត៌មាន​នេះ អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បដិសេធនឹង​ច្រានចោល​ចំពោះ​ព័ត៌មានទាំងឡាយណា ​ដែល​បាន​ផ្សព្វផ្សាយ​ពី​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះសីហនុ គឺជា​ព័ត៌មាន​ប្រឌិត និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់​សាធារណៈមតិ​ជាតិ អន្តរជាតិ​ជាច្រើន​។
អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថាបន្ថែម បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អកុសល​ខាងលើ និងបាន​​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ផងដែរ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ពាក់ព័ន្ធ​ជាច្រើន​កន្លែង និង​ប្រមូល​ចម្លើយ​សាក្សី​មួយចំនួន ព្រមទាំង​បាន​រកឃើញថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ប្រឌិត ដែល​រៀបចំ​ដោយ​ឈ្មោះ LI YA YUAN LUN ភេទ​ប្រុស ជនជាតិ​ចិន អាយុ៣១​ឆ្នាំ ​ស្នាក់នៅ​នឹងព្យាបាល​នៅ​មន្ទីរពេទ្យ ប៊ីធ​ន​កម្ពុជា​-​ចិន រាជធានី​ភ្នំពេញ​ និង​អ្នកពាក់ព័ន្ធ​ចំនួន ៣​នាក់ ដែល​ក្នុងនោះ ៖
១.​ឈ្មោះ LI YA YUAN LUN ដែល​អះអាងថា ជា​ជនរងគ្រោះ ធាតុពិត​ជន​រូបនេះ​បាន​លួច​ឆ្លងដែន ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ប៉ុន្តែ​អាស្រ័យ​ដោយមាន​ជំងឺ​ប្រចាំកាយ ក៏បាន​ទាក់ទង​មនុស្ស​មួយក្រុម ដើម្បី​​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​របស់ខ្លួន​។​
២.​អ្នកពាក់ព័ន្ធ​ចំនួន ៣​នាក់ គឺជា​អ្នក​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN ក្នុងការ​រៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ធ្វើជា​ទាសករ​លក់​ឈាម ដើម្បី​ជា​លេស​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN ដើម្បីទទួលបានការគេច​ផុតពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា​។​
​បច្ចុប្បន្ន ឈ្មោះ LI YA YUAN LUN និង​អ្នកពាក់ព័ន្ធ​ចំនួន ៣​នាក់ (​ស្រីម​្នាក់​) ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​និងកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។
អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន សារព័ត៌មាន និងប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ឡើងវិញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខាងលើ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណៈមតិ​ជាតិ និងអន្តរជាតិ​ ព្រមទាំងសំណូមពរ​ដល់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយ គប្បី​គោរព​ឲ្យ​បាន​​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជាពិសេសព័ត៌មានចម្លងតគ្នា ​ចៀសវាង​ធ្វើការ​សន្និដ្ឋាន ក្នុងហេតុការណ៍​ណាមួយ​ដោយ​អត្តនោម័ត ពុំមាន​ភស្តុតាង​ច្បាស់លាស់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​ស​ង្គ​ម និងបង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា ព្រមទាំងមានទោសទន្តដល់ស្ថាប័នរបស់ខ្លួនទៀតផង ​៕
អត្ថបទដែលជាប់ទាក់ទង