ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញ និងដុសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺ covid-19

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជម្ងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេសប្រភេទបម្លែងថ្មី អូរមីក្រុង ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវជំរុញអោយប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះឲ្យបានគ្រប់គ្នា។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមិនាឆ្នាំ២០២២​នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងដុសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ករណីនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស​អាជ្ញាធរខណ្ឌដែលមានរោងចក្រ​នៅ​ក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាម​រោងចក្រ ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រ​សហគ្រាសនានាដើម្បីទទួលនូវព័ត៌មាន​ថា កម្មករប៉ុន្មាននាក់ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដុសជម្រុញនេះ គឺយើងទៅចាក់វ៉ាក់សាំង​ដុសជម្រុញនេះដល់រោចក្រតែម្តង។
បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ភូមិធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋអោយទៅចាក់វ៉ាក់សាំងដុសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពដែលនៅជិតលំនៅ​ដ្ឋានរបស់ពួកគាត់តែម្តង។
ឯកឧត្តម បន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដុសមូលដ្ឋានអោយបានគ្រប់គ្នាដោយឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣កុម្ភៈ រហូតមកដល់​ថ្ងៃទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កុមារអាយុ៣ឆ្នាំ​ទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញអោយអាណាព្យាបាលនាំកុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំនេះ ទៅទទួល​ការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។
បន្ថែមពីលើនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជំរុញនិងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺ​កូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានហ្មត់ចត់។
ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានការណែនាំ​ឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់​ធ្នាប់សាធារណៈឲ្យបានល្អប្រសើរផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង