អភិបាលខេត្តកំពង់ធំ ក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តម ងួន រតនៈ បានថ្លែងក្នុងកិច្ចប្រជុំគណៈគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំបានលើកឡើងថាតាមរយៈរបាយការណ៍ពេលនេះ បានបង្ហាញឲ្យឃើញថាការគោរពច្បាប់ចរាចរណ៍នៅក្នុងខេត្តកំពង់ធំមានការធ្លាក់ចុះ ដូចនេះឯកឧត្តមបានជំរុញឲ្យសមត្ថកិច្ចមានការរឹតបន្តឹងនឹងដាក់កំហិតឲ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នកបើកបរទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាពនិងមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមបានបន្តទៀតថា អាជ្ញាធរទាំងអស់ត្រូវពង្រឹងឡើងវិញនៅកិច្ចការងារស្នូលរបស់ខ្លួន ជាពិសេសការបង្ក្រាបឲ្យខានតែបានទៅលើបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន មិនត្រូវកន្ទេលធំបន្លំដេកនោះទេ។
ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានឲ្យបានទាន់ពេលវេលាហើយត្រូវកំណត់នៅបញ្ហាទំនាស់ទាំងនោះតើវាជាប្រភេទបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបានប៉ុន្មានករណី?និងត្រូវមានផែនការដោះស្រាយនៅពេលបន្ទាប់ទៀតហើយ ឯកឧត្តមនិងតាមដាននៅកិច្ចការនេះនៅពេលប្រជុំលើកក្រោយ តើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋបានដល់កម្រិតណាហើយ?។
ដោយឡែកចំពោះការប្រមូលផ្ដុំក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវកំណត់ឲ្យបានច្បាស់លាស់នៅផែនការក្នុងការបន្តចាក់សាំងជូនប្រជាពលរដ្ឋ និងតាមដានឲ្យបានច្បាស់លាស់តើប្រជាពលរដ្ឋក្នុងមូលដ្ឋានវិជ្ជមានកូវីដ19 ប៉ុន្មាននាក់ ដែលតម្រូវអោយមានការព្យាបាលនៅផ្ទះឬក៏មានអាការ ធន់ធ្ងរដែលត្រូវបញ្ជូនមកមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននិងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា៕