ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងតក់ស្លុតដល់អាយុជីវិតមនុស្ស និងសុខុមាលភាពរបស់កុមារប្រមាណ ៧.៥លាននាក់នៃប្រទេសមួយនេះ

ប្រទេសអ៊ុយក្រែន៖ ការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាងរុស្ស៉ី និងអ៊ុយក្រែននេះទៀតសោត បាននិងកំពុងធ្វើឱ្យមានការខាតបង់ចំពោះផលប្រយោជន៍មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ បង្កជាផលលំបាកដល់ជនស៊ីវិលទូទៅ និងកុមាររងគ្រោះ ប៉ះពាល់ដល់ជីវភាពរស់នៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ រួមទាំងផ្ទះសម្បែងរាប់រយខ្នង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ សាលារៀន និងមណ្ឌលសុខភាព ជាដើម។

កុមាររាប់រយពាន់នាក់ និងគ្រួសាររបស់ពួកគេត្រូវបានផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង ហើយរហូតមកដល់បច្ចុប្បន្ននេះ ពួកគេភាគច្រើនជាស្ត្រី និងកុមារជាងមួយលាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេស ដើម្បីស្វែងរកទីសុវត្ថិភាព។

តម្រូវការជំនួយមនុស្សធម៌កំពុងត្រូវការជាចាំបាច់ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងប្រទេសដែលទទួលជនភៀសខ្លួន។

តម្រូវការចាំបាច់បំផុតនោះគឺ សេវាសង្គ្រោះបន្ទាន់ ឱសថសំខាន់ៗ វ៉ាក់សាំងការពារជំងឺ បរិក្ខារពេទ្យ ទឹកស្អាតសម្រាប់បរិភោគ និងអនាម័យ ទីជម្រក និងការការពារសម្រាប់អ្នកដែលផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេ។

ស្ថានភាពបច្ចុប្បន្ននេះ ហាក់កាន់តែធ្ងន់ធ្ងរឡើងៗ ជាពិសេសគឺការអនុវត្តសកម្មភាពមនុស្សធម៌ដ៏លំបាកលំបិនស្រេចទៅហើយនៅក្នុងតំបន់ដុនបាស ដែលមានមនុស្សរាប់ពាន់នាក់ពុំទទួលបានទឹកស្អាត ដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រីឯកុមារជាង ៣៥០,០០០ នាក់កំពុងខកខានមិនបានចូលសាលារៀននោះទេ។

ប្រតិបត្តិការសកម្មភាពមនុស្សធម៌នៅអ៊ុយក្រែនបានក្លាយជាស្មុគ្រស្មាញខ្លាំង ដោយសារតែឧបសគ្គក្នុងការចូលទៅកាន់ទីតាំងសំខាន់ៗ ការប៉ះទង្គិច ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស ដែលកំពុងប៉ះពាល់ដល់ជនស៊ីវិល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កបញ្ហាប្រឈមដ៏ធំដល់អង្គការមនុស្សធម៌ និងដៃគូក្នុងការផ្តល់សេវាសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសកុមារដែលងាយរងគ្រោះ និងសហគមន៍របស់ពួកគេ ៕ ប្រែសម្រួលដោយ៖ យស់កាតង់








