ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ពិធីនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងទីរួមខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឥស្សរៈជនសំខាន់ៗ ថ្នាក់ដឹកនាំជាន់ខ្ពស់តាមក្រសួងស្ថាប័ននានា អ្នកតំណាងរាស្ត្រ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-មន្ត្រីរាជការតាមបណ្តាក្រុង-ស្រុកទាំង០៧ កងកម្លាំងទាំង០៣ប្រភេទ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបថា៖ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនត្បូងឃ្មុំ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
មន្ទីរពេទ្យមានផ្ទៃក្រឡាទំហំ៥៥,៨១៤ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤,៣០០ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់ មានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណ ៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។
ដោយឡែក៖ សាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការជាមួយគ្នានេះដែរ ត្រូវបានសាងសង់ក្នុងទឹកប្រាក់ប្រមាណ ១,៣៥០,០០០ដុល្លារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សាលរៀនមានផ្ទៃដីសរុបចំនួន ៥៣,៩១០ម៉ែត្រក្រឡា ដោយចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០។
ដោយវិបត្តិកូវីដ១៩ ពិធីសម្រោធជាផ្លូវការត្រូវបានអូសបន្លាយរហូតមកដល់ពេលនេះ តែក៏បានដាក់ឲ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់០៣ជាន់ មាន៣៦បន្ទប់ អគារទីចាត់ការចំនួន០២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕ អរគុណសន្តិភាព