ប្រជាពលរដ្ឋចំនួន៦គ្រួសារនៅក្រុងតាខ្មៅទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកមបាទក្រហមកម្ពុជាខេត្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាក់ស្រុតច្រាំងព្រែក ក្រុងតាខ្មៅ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនិងជាអភិបាលខេត្តកណ្ដាលដោយចាត់តាំងប្រតិភូសាខាដឹកនាំលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងឱកាសនោះលោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹកអាណិតអាសូរដោយពន់ពេក។

លោកនាយកសាខាបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់ពេលវេលាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់មូលដ្ឋានជនដែលងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

លោកនាយកសាខាក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមកុំមានការធ្វេសប្រហែសនិងចូលរួមរក្សាអនាម័យឱ្យបានល្អពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ ៖ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ។ អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកសុទ្ធដបធំ១កេស កៅស៊ូតង់ចំនួន១ ជែល ១ដប ម៉ាស ១ប្រអប់ និងថវិកា ២០ម៉ឺន​រៀល ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ បានផ្ដល់ជូននូវ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធដបតូច១កេស ជែល ១ដប ម៉ាស ២ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង