មនុស្សបួននាក់បានស្លាប់ភ្លាមៗ រួមទាំងក្មេងប្រុសម្នាក់ និងបុរសម្នាក់ រងរបួសធ្ងន់ ដោយសាររថយន្ត បែនដឹកដី បើកបរលឿនដូចហោះ ដល់ផ្លូវបែកជាបួន មិនដឹងបតឮទៅណា បុករថយន្តតូយ៉ូតា ហាយ​ឡែនឌ័រ ខ្ទប់នឹងបង្គោលភ្លើង

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១២៦ និង ១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ជនរងគ្រោះ ដែលបានស្លាប់ទាំងបួននាក់នោះមាន ៖ -១.ឈ្មោះ ស៊ុន ស្រីណង ភេទស្រី អាយុ៤៤ឆ្នាំ -ឈ្មោះ ពេជ្រ ដាំ ភេទប្រុស អាយុ៤៨ឆ្នាំ ពីរនាក់មានមុខរបរលក់ដូរ និងរស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង -ឈ្មោះ ទីវ ឡន ភេទស្រី អាយុ៣២ឆ្នាំ មានមុខរបរកម្មកររោងចក្រ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងឈ្មោះ លុន រតនា ភេទប្រុស អាយុ៨ឆ្នាំ មានមុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ចំណែកអ្នកបើកបររថយន្ដម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ២BD-១១៤១ ឈ្មោះ ហឹម ដានី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករត់តាក់សុី រស់នៅភូមិគោកល្វាង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានរងរបួសធ្ងន់។
នៅមុនពេលកើតហេតុ មានរថយន្ដបែនដឹកដី ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣B -០៣៣២ បានធ្វើដំណើរ ពីទិសខាងជើង ទៅខាងត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយនៅពេលមកដល់ ចំណុចកើតហេតុខាងលើ បានបុករថយន្ដ ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ២BD-១១៤១ ដែលបើកបរពីទិសខាងកើត ទៅខាងលិច បណ្ដាលឱ្យអ្នកបើករថយន្ដ ម៉ាកតូយ៉ូតា ហាយឡែនឌ័រ រងរបួសធ្ងន់ ចំណែកឯអ្នករួមដំណើរជាមួយ ចំនួនបួននាក់ បានស្លាប់ នៅកន្លែងកើតហេតុតែម្ដង។
រីឯភាគីបង្កហេតុ គឺរថយន្តបែនដឹកដី ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣B-០៣៣២ បើកបរដោយឈ្មោះ យឿន ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកបើកបរ រស់នៅភូមិតាជោរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយគ្មានរបួស ប៉ុន្តែរថយន្ដខូចខាតធ្ងន់ ។
ចំណែកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារនិមួយៗយកទៅធ្វើបុណ្យតាមប្រពៃណី ។
ឯអ្នករងរបួស នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ចំណែកមធ្យោបាយទាំង២ គ្រឿង រក្សាទុកនៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀង ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង