សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អង្គ១៤០តោនជូនខណ្ឌទាំង១៤ចំណុះអោយរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូន ពលរដ្ឋក្រីក្រខ្វះខាត

ភ្នំពេញ៖ អំណោយជាអង្គចំនួន១៤០តោនរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ជូនទៅខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ត​យកទៅចែកជូនបន្តទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។
នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានយកយានយន្ត មកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា ៖ អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង​១៤​ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួលបានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចទាំទ្វេតែងតែយកចិត្តទុក​ដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារនឹងផ្តល់ការ​ជួយ​ឩបត្ថមដល់បងប្អូនហើយ ដោយមិនទុកអោយបងប្អូនអត់បាយនោះទេ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង