សេនាធិការក្រសួងមហាផ្ទៃ និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីហានិភ័យ និងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (ស.ស.វិ) បានរៀបចំសិក្ខាសាលាស្តីពី “ការយល់ដឹងពីច្បាប់ និងហានិភ័យនៃការនាំចូល ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ខូចគុណភាព មិនអនុលោមតាមច្បាប់” ក្រោមអធិបតីភាព ឯកឧត្តម សោម ច័ន្ឌឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសម្របសម្រួលផ្នែកច្បាប់ នៃ គ.ប.ផ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជន តំណាងចែកចាយផលិតផល ពាណិជ្ជករ អាជីវករ ប្រមាណជាង១០០ នៅការិយាល័យកណ្តាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ។
បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសេចក្តីរាយការណ៍ពីសកម្មភាពការងាររួមគ្នារវាង គ.ប.ផ.ក និង ស.ស.វិ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក រួចមក អង្គសិក្ខាសាលាបានចាប់ផ្តើមដោយមានការឡើងធ្វើបទបង្ហាញអំពីច្បាប់ពាក់ព័ន្ធទៅនឹងផលិតផលក្លែងក្លាយពីសំណាក់វាគ្មិនចំនួនបួនរូបមកពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាជូនដល់ភ្ញៀវកិត្តិយសទាំងអស់នៅក្នុងអង្គសិក្ខាសាលានោះ ដែលនៅក្នុងការធ្វើបទបង្ហាញនោះបានផ្តោតជាសំខាន់លើប្រធានបទមួយចំនួនដូចខាងក្រោម៖
១. ផលប៉ះពាល់នៃការប្រើប្រាស់ ឱសថក្លែងក្លាយ អន់គុណភាព ចំពោះអ្នកប្រើប្រាស់ អ្នកលក់ អ្នកចែកចាយ និងអ្នកផលិត៖ ដោយនៅក្នុងប្រធានបទនេះបានធ្វើការកំណត់នូវនិយមន័យស្តីពីឱសថ ឱសថក្លែងក្លាយ ឱសថអន់គុណភាព វិធីសាស្ត្រក្នុងការសម្គាល់ និងផលប៉ះពាល់នៃការប្រើប្រាស់ឱសថក្លែងក្លាយ និងអន់គុណភាពចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ហានិភ័យចំពោះអ្នកលក់ ចែកចាយ និងអ្នកផលិតឱសថក្លែងក្លាយ និងអន់គុណភាព រួមទាំងអនុសាសន៍មួយចំនួនរបស់វាគ្មិនក្នុងការបញ្ជៀសពីការប្រើប្រាស់នូវប្រភេទឱសថដែលទុកដាក់មិនសមស្របតាមស្តង់ដារកំណត់ និងដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ។
២. ការស្វែងយល់ពីល័ក្ខខ័ណ្ឌច្បាប់ដើម្បីទទួលបានការការពារផ្នែកកម្មសិទ្ធិបញ្ញា (ម៉ាក)៖ នៅក្នុងនោះវាគ្មិនបានធ្វើការបង្ហាញពីគោលការណ៍ទូទៅនៃកម្មសិទ្ធិបញ្ញា ការកំណត់និយមន័យ កិច្ចការពារផ្នែកកម្មសិទ្ធិបញ្ញា បទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីម៉ាក និងផលប្រយោជន៍ចំពោះពាណិជ្ជករដែលបានមកពីកិច្ចការពារម៉ាកដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ។
៣. ការប្រមូលព័ត៌មានស៊ើបអង្កេត និងនីតិវិធីទៅតុលាការ៖ វាគ្មិនបានធ្វើការបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ គ.ប.ផ.ក ការប្រមូលព័ត៌មានស៊ើបអង្កេត និងនិតិវិធីក្នុងការអនុវត្តលើព័ត៌មានដែលទទួលបាន រួមទាំងការងារចុះត្រួតពិនិត្យផលិតផលក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារ ហើយដែលកម្លាំងប្រតិបត្តិការចម្រុះនៃ គ.ប.ផ.ក បានចុះអនុវត្តដូចភ្លៀងរលឹមនាពេលកន្លងមក ។
៤. បទល្មើសកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយ ផលិតផលក្លែងក្លាយ៖ នៅក្នុងនោះ វាគ្មិនបានធ្វើការបង្ហាញជូនភ្ញៀវកិត្តិយសនូវនិយមន័យនៃបទល្មើសកម្មសិទ្ធបញ្ញា កម្មសិទ្ធឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ពន្យល់អំពីនិយមន័យនៃផលិតផលក្លែងក្លាយតាមច្បាប់ជាតិ និងអន្តរជាតិ បទបង្ហាញស្តីអំពី ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ជាមួយនិងនិតិវិធីក្នុងការដាក់ពាក្យបណ្ដឹងមក គ.ប.ផ.ក. ព្រមទាំងចំណាត់ការដែលមន្ត្រី គ.ប.ផ.ក ត្រូវបន្ត ។
អង្គសិក្ខាសាលាបានបិទបញ្ចប់ជាមួយនឹងកិច្ចពិភាក្សាផ្ទាល់រវាងវាគ្មិន និងភ្ញៀវកិត្តិយសដែលជាម្ចាស់ក្រុមហ៊ុន តំណាងចែកចាយផលិតផល ពាណិជ្ជករ អាជីវករ ដោយមានជាសំនួរ និងចម្លើយលើប្រធានបទដែលបានធ្វើបទបង្ហាញរួច ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង ៕








