សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ តាគ្រាម, អគារសិក្សាអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍, អគារបឋមសិក្សាបុស្សសម្ព័រ និងសមិទ្ធផលនានា
នារសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ តាគ្រាម, អគារសិក្សាអនុវិទ្យាល័យសម្ដេចសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ និងសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្តមួយចំនួនទៀត ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្ដើម លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅនៃរដ្ឋបាលស្រុកបាណន់ និងសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ រួមមានអគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សាបុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង, សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍រម្លឹកអំពីសវតានៃរដ្ឋបាលស្រុកបាណន់ ដែលបំបែកចេញពីស្រុកសង្កែ និងស្រុកបាត់ដំបង តំណាលគ្នានឹងការបំបែកស្រុកឯកភ្នំ។ សម្ដេចបន្តថា ពេលនោះកត្តាសន្តិសុខ គឺមូលហេតុនាំឱ្យមានការបំបែក និងបង្កើតស្រុកថ្មី និងថាបើទោះបីជាមកដល់ពេលនេះប្រទេសជាតិមានសុខសន្តិភាពក៏ដោយ ក៏ការសម្រេចចិត្តបែងចែក និងបង្កើតស្រុកថ្មីនោះនៅតែសមស្របសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្ដេចក៏បានរម្លឹកអំពីស្ថានភាពស្រុកបាណន់ពីអតីតកាល ក៏មិនខុសពីបណ្ដាមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសដែរ គឺការរស់នៅរបស់ប្រជាពលរដ្ឋ និងការបំពេញការងាររបស់មន្រ្តីរាជការ និងអាជ្ញាធរជួបការលំបាកដោយសារតែការខ្វះខាតដូចជា សាលារៀន វត្តអារាម អាគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ និងស្ពានជាដើម ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានគាំទ្រពីសប្បុរសជន ស្រុកបាណន់បានទទួលសមិទ្ធផលជាច្រើន និងសមិទ្ធផលទាំងនេះមិនទាមទារការតបស្នងអ្វីក្រៅតែពីស្នើសុំឱ្យខិតខំថែរក្សាដើម្បីបម្រើឧត្តមប្រយោជន៍សាធារណៈនោះឡើយ។
សម្ដេចក្រឡាហោម ក៏បានបង្ហាញអារម្មណ៍រីករាយនៅពេលបានឃើញសិស្សានុសិស្សមានឱកាសបានសិក្សារៀនសូត្រតាំងពីតូចៗទៅ ពិសេសចាប់ពីថ្នាក់មត្តេយ្យសិក្សាដែលខុសពីសម្ដេចផ្ទាល់ទម្រាំមានឱកាសបានចូលរៀនសូត្រសម្ដេចមានអាយុ ១១ឆ្នាំទៅហើយ។ នៅពេលមានប្រសាសន៍អំពីស្ថានភាពប្រទេសជាតិរីកចំរើនដូចបច្ចុប្បន្នធៀបនឹងអតីតកាលដែលក្រីក្រ និងមានសង្គ្រាមផងនោះ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីថា សន្តិភាពពិតជាមានគុណតម្លៃណាស់ ហើយការបំផុសរបស់សម្ដេចតេជោនូវពាក្យ អរគុណសន្តិភាព នេះពិតជាមានអត្ថន័យជ្រាលជ្រៅ។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យ និងបានរម្លឹកប្រជាពលរដ្ឋឱ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក៏ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង៧ចំណុចនេះឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គម៕















