ក្រុមការងារ (SOMTC)កម្ពុជា ជួបពិភាក្សាការងារ ជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេស អូស្ត្រាលី និងក្រុមការងារអាស៊ាន-អូស្ត្រាលី ប្រឆាំងនឹងការជួញដូរមនុស្ស តាមរយៈប្រព័ន្ធវីដេអូសន្និសីទ
នារសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារ SOMTC កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមការងារមកពី ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេស អូស្ត្រាលី (DFAT) ដែលដឹកនាំដោយលោកស្រី Danielle Sever និងក្រុមការងារអាស៊ាន-អូស្ត្រាលី ប្រឆាំងនឹងការជួញដូរមនុស្ស (ASEAN-ACT) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Luda Petropaoli តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
បន្ទាប់ពីការថ្លែងនូវមតិបើករបស់ភាគីទាំងពីររួចមក ក្រុមការងារ-SOMTC កម្ពុជា បានធ្វើបទបង្ហាញជម្រាបជូនដល់ភាគីអូស្ត្រាលីអំពីវឌ្ឍនភាពនៃការទប់ស្កាត់អំពើជួញដូរមនុស្ស និងបញ្ហាប្រឈមនានានៅក្នុងបរិបទនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ក្រុមការងារ SOMTC-កម្ពុជា ក៏បានលើកឡើងនៅសំណូមពរមួយចំនួនជាទិសដៅបន្តដើម្បីទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសពាក់ព័ន្ធទៅលើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី និងការងារផ្សព្វផ្សាយនូវខ្លឹមសារអនុសញ្ញា និងឯកសារច្បាប់នានាពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ឆ្លើយតបចំពោះបទបង្ហាញរបស់ភាគីកម្ពុជា ភាគីអូស្ត្រាលីក៏បានសម្តែងនូវការប្តេជ្ញាចិត្ត ក្នុងការជួយគាំទ្រទៅដល់សំណូមពរដែលបានលើកឡើង ហើយភាគីទាំងពីរនឹងបន្តជជែកគ្នាបន្ថែមទៀត ដើម្បីឈានទៅរៀបចំដាក់ចេញការអនុវត្តជាក់ស្តែង។
បន្ទាប់ពីបានជជែកពិភាក្សារួចមកតំណាងក្រុមការងារ SOMTC-កម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី (DFAT) និងក្រុមការងារអាស៊ាន-អូស្ត្រាលី ប្រឆាំងនឹងការជួញដូរមនុស្ស (ASEAN-ACT) ដែលបានជួយគាំទ្រនៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ស្របជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាអនុប្រធានក្រុមលេខាធិការ SOMTC ជំនួសមុខឲ្យភាគីកម្ពុជា ក៏បានជូនពរដល់ភាគីអូស្ត្រាលី សូមទទួលបានជោគជ័យក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាលុបបំបាត់ការជួញដូរមនុស្ស សំដៅលើកកម្ពស់សិទ្ធិសេរីភាពនិង សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕






