ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់សម្ព័ន្ធមិត្តយោធារបស់អង្គការណាតូ បន្ទាប់ពីអង្គការនេះច្រានចោលសំណើរបស់អ៊ុយក្រែន ក្នុងការដាក់ដែនអាកាសអ៊ុយក្រែនជាតំបន់គ្មានការហោះហើរ ដើម្បីបញ្ឈប់ការវាយប្រហារមីស៊ីលរបស់រុស្ស៊ី
លោក Zelenskyy បានចោទប្រកាន់សម្ព័ន្ធមិត្តណាតូថា បានរៀបចំកិច្ចប្រជុំកំពូលបែបទន់ខ្សោយ និងមានគោលជំហរមិនច្បាស់លាស់ ចំពោះការចាត់វិធានការប្រឆាំងនឹងរុស្ស៊ីកន្លងមក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូមានទំនួលខុសត្រូវក្នុងការធានាថា សង្រ្គាមនឹងមិនរីករាលដាលហួសពីព្រំដែននៃប្រទេសអ៊ុយក្រែន។
លោកបានបន្ថែមថា “ដើម្បីអនុវត្តនូវការកំណត់ដែនអាកាសគ្មានការហោះហើរនេះ អង្គការណាតូត្រូវបញ្ជូនយន្តហោះរបស់ខ្លួនចូលទៅក្នុងដែនអាកាសអ៊ុយក្រែន ហើយបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលសកម្មភាពនេះអាចបណ្ដាលជាសង្គ្រាមយ៉ាងធំនៅក្នុងទ្វីបអឺរ៉ុប”។
អ្នកដឹកនាំកំពូលនៃប្រទេសក្នុងប៉ែកអឺរ៉ុបផ្សេងៗទៀត ដូចជានាយករដ្ឋមន្រ្ដីអង់គ្លេស លោក Boris Johnson និងអគ្គលេខាធិការនៃអង្គការណាតូ លោក Jens Stoltenberg ក៏បានបង្ហាញពីគោលជំហរបដិសេធចំពោះសំណើរបស់អ៊ុយក្រែនដែរ។