ក្រុមស្រ្តីជាបុគ្គលិកណាហ្គាវើលដ៍ ប្រើហិង្សាលើអាជ្ញាធរឲ្យមានរបួស

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបកស្រាយដល់សាធារណជនថា ក្រុមបុគ្គលិកណាហ្គាវើលដ៍ បានជេរប្រមាថ តិះដៀល និងប្រើកាយវិការអសីលធម៌បំផុត ដែលមិនស័ក្តិសមជានារីខ្មែរ រហូតឈានដល់ប្រើហិង្សា បង្ករបួសស្នាម លើអាជ្ញាធរមានសមត្ថកិច្ច ក្នុងការតវ៉ារបស់ពួកគេ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ការដែលបុគ្គលិកណាហ្គាវើលដ៍ ផ្តល់ព័ត៌មានទៅសាធារណជនថា អាជ្ញាធរបានប្រើអំពីហិង្សាលើពួកគេ គឺមិនមែនជាការពិតឡើយ។

អាជ្ញាធរ បានអញ្ជើញពួកគេឡើងរថយន្ត ដើម្បីដឹកទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តែពួកគេបែរជាចោទអាជ្ញាធរថា ប្រើហិង្សាលើពួកគេទៅវិញ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកចំណុចល្អរបស់អាជ្ញាធរថា អាជ្ញាធរ បានអប់រំបុគ្គលិកណាហ្គាវើលដ៍ជាច្រើនលើកច្រើនសា ដើម្បីឲ្យពួកគេពិចារណា និងភ្ញាក់រឭក តែពួកគេ កាន់តែបន្តធ្វើសកម្មភាព រហូតដល់សម្តែងធ្វើជាជនរងគ្រោះ តាមរូបភាពផ្សេងៗ។

អ្នកនាំពាក្យ អះអាងថា ពួកគេ ធ្វើសកម្មភាពទៅតាមសេណារីយោរៀបចំរបស់អ្នកដឹកនាំពីក្រោយខ្នង ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍អ្វីមួយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អត្ថាធិប្បាយទៀតថា បុគ្គលិកណាហ្គាវើលដ៍ ប្រើពាក្យអសុរោះ និងកាយវិការមិនសមរម្យដាក់អាជ្ញាធរ ដើម្បីបញ្ឆេះកំហឹងអាជ្ញាធរ ហើយពួកគេ ត្រៀមចាំថតរូបភាពផ្សេងៗ សម្រាប់ទុកចោទប្រកាន់អាជ្ញាធរ។

អ្នកនាំពាក្យ បញ្ជាក់ថា ដោយមានការអត់ធ្មត់ អាជ្ញាធរមិនធ្លាក់ចូលក្នុងឧបាយកលរបស់ពួកគេឡើយ៕ អរគុណសន្តិភាព


