រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿសុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី អភិបាលក្រុងស្រុក ក្រុមប្រឹក្សាក្រុងស្រុក មេឃុំ ចៅសង្កាត់ សង្កាត់ មេប៉ុស្តិ៍ និងស្មៀនឃុំសង្កាត់ សរុបចំនួន ៤១២ នាក់។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ដែងនូវការ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារក្នុងរយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាប្រឈម និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។
ឯកឧត្ដម អភិបាលខេត្ត វាយតម្លៃខ្ពស់ ចំពោះ សមិទ្ធផលនានា ដែលកើតចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងការបំពេញតួនាទី និងខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាន នូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ និងសំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជា ពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ និងបង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញ លេញទៅតាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានោះដែរ ទោះស្ថិតក្នុងការលំបាកយ៉ាងណាក៏ដោយ ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ អាជ្ញាធរ បានបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំរក្សាការពារ បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួល រលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត។ ជារួមលទ្ធផល ការងាររបស់រដ្ឋបាលខេត្តក្រចេះ គឺទទួលបានលទ្ធផលល្អប្រសើរ។
ជាទិសដៅបន្តការងារក្នុងឆ្នាំ២០២២ នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
១.បន្តពង្រឹងវិន័យមន្ត្រីរាជការក្រោមឱវាទតាមដានត្រួតពិនិត្យលិខិតចេញចូលការចរាចរលិខិតឲ្យបានជាប់ជាប្រចាំរក្សានិងតម្កល់ឯកសាររបស់សាលាខេត្តអោយបានគត់មត់។
២.បន្តការធ្វើនីត្យានុកូលកម្ម និងការផ្ដល់សេវាឆាប់រហ័សទាន់ពេលវេលា។
៣.ថែរក្សាគ្រប់គ្រង និងប្រើប្រាស់ត្រារបស់រដ្ឋបាលខេត្តឲ្យបានគត់មត់។
៤.បន្តរៀបចំកម្មវិធី និងការងារប្រចាំសប្តាហ៍ឲ្យបានទៀងទាត់ជូនថ្នាក់ដឹកនាំខេត្ត។
៥.បន្តបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាស ៩ខែ និងប្រចាំឆ្នាំជូនក្រសួងមហាផ្ទៃតាមការកំណត់ព្រមទាំងបិទផ្សាយព័ត៌មានលើក្តារព័ត៌មានជាប្រចាំ។
៦.គ្រប់គ្រងស្ថិតិទិន្នន័យប្រជាពលរដ្ឋ និងជំរុញការងារអត្រានុកូលដ្ឋាន។
៧.រៀបចំបុណ្យជាតិ អន្តរជាតិ ចាត់ចែងការងារពិធីការ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយខេត្តប៊ិញភឿក ខេត្តប៊ិញយឿង ខេត្តចំប៉ាសាក់ និងកិច្ចប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ។
៨. បន្តរៀបចំ និងជំរុញការរៀបចំវេទិកាសាធារណៈ របស់ក្រុមប្រឹក្សាខេត្តក្រុមការងារថ្នាក់ជាតិននិងគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព៕