លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩

ខេត្តកំពត៖ នាថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានអនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និង ពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាល និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។

ទីតាំងដែរលោកជំទាវបានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរួមមាន៖
១. សាលាខេត្តកំពត
២. មណ្ឌលសុខភាព ស្រែជា ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឫដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ លោកជំទាវបានបន្តថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន។

លោកជំទាវ និងក្រុមការងារ បានពិភាក្សាជាមួយគ្រប់ក្រុមគោលដៅសម្រាប់ជួយឱ្យក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម បង្កើតក្របខណ្ឌការងារថែទំាសុខភាពបឋមដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់ តាមរយៈការផ្តល់ឱ្យពួកគាត់នូវសេវាថែទាំសុខភាពបឋមគ្រប់ជ្រុងជ្រោយ ៕ អរគុណសន្តិភាព










