ក្រុមអ្នកដើរគាស់គល់ឈើលក់ ប៉ះចំក្បាលគ្រាប់ផ្ទុះ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទាំងព្រឹក
ខេត្តបាត់ដំបង៖ ប្រភពពីលោក Hout Songhak បានសរសេរបង្ហោះមុននេះថា មានបុរសម្នាក់បានស្លាប់ រីឯគូរកនម្នាក់ទៀត រងរបួសធ្ងន់ដោយសារផ្ទុះក្បាលគ្រាប់នៅពេលពួកគេព្យាយាមជីកគាស់យកគល់ឈើ រួចប៉ះចំក្បាលគ្រាប់ដ៏ធំនោះនៅលើខ្នងភ្នំមួយកន្លែង កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ស្ថិតក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។
សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា អ្នកដើរគាស់គល់ឈើប៉ះគ្រាប់ បណ្ដាលឲ្យគ្រោះថ្នាក់ទាំង០២នាក់នោះម្នាក់ឈ្មោះ ផាង ភ័ណ្ឌ ហៅទូច អាយុ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង របួសដាច់ជើងឆ្វេង តែក្រោយបានស្លាប់ ពេលសែងចុះពីលើភ្នំ និងម្នាក់ទៀតឈ្មោះ ឆាយ កុសល់ អាយុ៣៥ឆ្នាំ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ រងរបួសដងខ្លួននិងភ្នែកទាំងសងខាង ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា បុរសទាំង២នាក់នេះបាននាំគ្នាឡើងទៅលើភ្នំស្វែងរកជីកគាស់យកគល់ឈើ ដើម្បីលក់ តែចៃដន្យពេលកំពុងជីកគាស់គល់ឈើដ៏ធំមួយនៅលើភ្នំនោះ ស្រាប់តែប៉ះចំក្បាលគ្រាប់ផ្ទុះលាន់កក្រើក បណ្ដាលឲ្យត្រូវស្លា.ប់ម្នាក់ និង របួសធ្ងន់ម្នាក់ ។
នាយប៉ុស្ដិ៍រដ្ឋបាល រស្មីសង្ហា លោក អ៊ី រស្ម័ក់ បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា កន្លែងផ្ទុះក្បាលគ្រាប់នោះស្ថិតនៅលើភ្នំដែលមានកម្ពស់ខ្ពស់គួសម និងមានស្ថានភាពជំរេលពិបាកឡើងខ្លាំងណាស់ ។
លោកថា អ្នករងរបួសម្នាក់ ដែលអាចនិយាយបានមិនបានប្រាប់ថា ពួកគេមានគ្នាប៉ុន្មាននាក់នោះទេ ដែលឡើងរកគាស់គល់ឈើ ហើយអ្នកភូមិបាននាំគ្នាឡើងទៅជួយសែង អ្នករងរបួសចុះមកក្រោម ។
លោកមេប៉ុស្ដិ៍រូបនេះបានបញ្ជាក់ថា បើតាមជនរងគ្រោះដែលរបួសភ្នែកនិយាយថា គល់ឈើដែលពួកគេគាស់នោះជាគល់ «ដើមនាងនួន» ។
បើតាមប្រភពពីអ្នកភូមិបានឲ្យដឹងដែរថា កន្លងមកមានមនុស្សច្រើនណាស់ តែងដើរស្វែងរុករកជីកគាស់គល់ឈើប្រណិតៗ ដើម្បីលក់ឲ្យឈ្មួញ ។ ពួកគេឡើងរុករកនៅតាមតំបន់ភ្នំ ហើយពេលខ្លះក៏មានអ្នកលួចគាស់គល់ឈើ ឬលួចកាប់ឈើនៅតាមដីស្រែចំការអ្នកស្រុកដែរ ។
ប្រភពបានបញ្ជាក់ថា ក្រុមអ្នកស្វែងគាស់គល់ឈើខ្លះបានប្រើប្រាសគ្រឿងញៀ.នយ៉ាងសកម្ម ព្រោះពេលខ្លះពួកគេធ្វើសកម្មភាពពេលយប់ក៏មានដែរ ហើយដើមឈើដែលពួកគេស្វែងរកនោះ ជាប្រភេទឈើប្រណិត ដូចជា ដើមធ្នង់ ដើមនាងនួន និងដើមដទៃទៀតដែលមានតម្លៃ ។
ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ បើតាមលោក អ៊ី រស្ម័ក់ បានបញ្ជាក់ថា ដោយសារតែទីតាំងកើតហេតុ ស្ថិតនៅលើខ្នងភ្នំខ្ពស់ពេក ពិបាកការធ្វើដំណើរឡើងចុះ និងអាចប្រឈម និងគ្រោះថ្នាក់ផ្សេងៗផង កម្លាំងរបស់លោកបានត្រឹមទៅពិនិត្យ និង សាកសួរជនរងគ្រោះនៅក្បែរជើងភ្នំដែលអ្នកភូមិបានសែងពួកគេចុះមកដល់ក្រោម ។
សាកសពជនរងគ្រោះ បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ រីឯអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ អរគុណសន្តិភាព