លោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនដល់កុមារាជនជាតិព្នង រងគ្រោះដោយហេតុការផ្ទុះគ្រាប់

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នេះ លោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចែកជូនដល់កុមារា ជឿន ឌីណា អាយុ១៣ឆ្នាំ ជាជនជាតិព្នង រងគ្រោះដោយហេតុការផ្ទុះគ្រាប់ បណ្តាលអោយរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ មកពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះដែរ លោក ក៏សូមសម្តែងនូវការសោកស្តាយចំពោះការហេតុការផ្ទុះគ្រាប់ ដែលមិននឹកស្មានដល់នេះ អំណោយដែលបានផ្តល់ជូនពេលនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ភួយ១ មុង១ ក្រមា១ និងថវិកា ២០០០០០រៀល ៕