សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអានជូនសម្ដេច និងអង្គប្រជុំនូវខ្លឹមសារអនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ហៅកាត់ថា គ.ស.អ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

យោងតាមអនុក្រឹត្យ គ.ស.អ មានសមាសភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន អមដោយអនុប្រធាន៣រូប រួមមានសម្ដេចពិជ័យសេនា ទៀត បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សមាជិក គ.ស.អ រួមមាន រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គមេបញ្ជាការរងនិងជាអគ្គមេបញ្ជាការកងទ័ពជើងគោក និងអភិបាលរជធានីខេត្ត។

គ.ស.អ មានតួនាទី និងភារកិច្ច តាមដាន ត្រួតពិនិត្យ រៀបចំ គ្រប់គ្រង នឹងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធការធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ តាមនីតិកាល និងអាណត្តិនីមួយៗ ឲ្យប្រព្រឹត្តិទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច ការបំផិតបំភ័យ ការគម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ ព្រមទាំងកិច្ចការសំខាន់មួយៗចំនួនទៀត។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបន្តអានខ្លឹមសារសេចក្ដីសសម្រេច ស្ដីពី ការការបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ លេខាធិការដ្ឋាននេះ មានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាប្រធាន អមដោយអនុប្រធាន៤រូប រួមមានអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងសមាជិកមួយចំនួនទៀត។

បន្ទាប់មក សម្ដេច និងអង្គប្រជុំបានស្ដាប់នូវការគូសបញ្ជាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីគោលការណ៍សំខាន់ៗនៃផែនការអន្តរស្ថាប័នអំពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ មុននឹងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញថ្លែងជូនកិច្ចប្រជុំអំពីបច្ចុប្បន្នភាពនៃភារកិច្ច និងការទួលខុសត្រូវរបស់ គ.ជ.ប ក្នុងដំណើរការបោះឆ្នោតខាងមុខ។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញមានប្រសាសន៍សម្ដែងការកោតសរសើរចំពោះការប្រព្រឹត្តទៅនៃកិច្ចប្រជុំនាពេលនេះដែលមានការជួបជុំពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ សម្ដេចបានសម្ដែងការគាំទ្រចំពោះការត្រៀមលក្ខណៈបំពេញភារកិច្ចចាំបាច់របស់លេខាធិការដ្ឋាន គ.ស.អ ហើយសម្ដេចក៏រំពឹងថា កិច្ចប្រជុំរបស់ គ.ស.អ នាថ្ងៃនេះនឹងអាចរៀបចំឡើងនាពេលបន្ទាប់ទៀតដើម្បីស្ដាប់ការបញ្ជាក់ឡើងវិញអំពីលទ្ធផលការងារលេខាធិការដ្ឋាន។

សម្ដេចពិជ័យសេនាក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះគណៈបញ្ជាការឯកភាពរាជធានីខេត្ត ដើម្បីត្រៀមលក្ខណៈបែងចែកកម្លាំងទៅកាន់ការិយាល័យបោះឆ្នោតឬទីតាំងពាក់ព័ន្ធឱ្យបានជាក់លាក់ ក្នុងនោះប្រសិនបើប្រើកម្លាំងបន្ថែមក៏គួរតែទាមទារការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ដើម្បីធានាការបំពេញភារកិច្ចស្របតាមច្បាប់ និងបញ្ចៀសបានការប្ដឹងប្ដល់ដែលតែងតែកើតមានជារឿយៗក្នុងដំណើរការបោះឆ្នោត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាន៍គាំទ្រទាំងស្រុងចំពោះមតិយោបល់លើកឡើងរបស់សម្ដេចពិជ័យសេនា និងបានបន្ថែមថាទាក់ទងនឹងការប្រជុំលេខាធិការដ្ឋានដើម្បីធ្វើការងារនេះលម្អិតបន្ថែមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ប្រធានលេខាធិការដ្ឋាននឹងដំណើរការប្រជុំនៅរសៀលថ្ងៃទី២៨ ខែមីនានេះតែម្ដង តាមប្រព័ន្ធវីដេអូ។
សម្ដេចក៏គាំទ្រសំណើរសម្ដេចពិជ័យដើម្បីត្រៀមបើកិច្ចប្រជុំនេះបន្តទៀត ដោយសម្ដេចបានណែនាំឱ្យលេខាធិការត្រៀមលក្ខណៈប្រជុំឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថាគោលដៅការពារក្នុងដំណើរការបោះឆ្នោតនេះមានច្រើនទីតាំង ក្នុងនោះបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សម្ដេចបានឯកភាពឱ្យប្រើកម្លាំងប្រជាការពារដើម្បីជួយគាំទ្រក្នុងការរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួន។ សម្ដេចបន្តថាគ្រប់កម្លាំង និងមន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវតែប្រកាន់អព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្រ្តីនយោបាយទាំងអស់ក៏មិនត្រូវប្រើធនធានរបស់រដ្ឋដើម្បីបំរើសកម្មភាពនយោបាយដែរ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថាការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក និងអនាគត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទកភាព ព្រមទាំងជាការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចបន្តថាគោលបំណងរបស់ គ.ស.អ រួមមានចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព ធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឲ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសសាន៍ណែនាំមួយចំនួនទៅកាន់ គ.ស.អ ដែលក៏មានសមាសភាពមកពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែរនោះ ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឲ្យបានម៉ត់ចត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ហើយទន្ទឹមនោះក៏ត្រូវខិតខំទប់ស្កាត់ឲ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឲ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និង អស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត៕ អរគុណសន្តិភាព