ក្រសួងបរិស្ថានប្រគល់ម៉ាស៊ីនចម្រោះទឹក ធុងញែកសំរាម ព្រមទាំងសម្ភារៈមួយចំនួនប្រគេនដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ខេត្តព្រះសីហនុ៖ ឯកឧត្ដម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីប្រគល់-ទទួលម៉ាស៊ីនចម្រោះទឹកចំនួន០១ ធុងញែកសំរាមចំនួន២ និងសៀវភៅកម្ពុជាមាតុភូមិខ្ញុំ ព្រមទាំងសម្ភារមួយចំនួនទៀត ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

ក្នុងពិធីប្រគល់-ទទួលនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូមកពីក្រសួងបរិស្ថាន យុវជនស.ស.យ.ក.រាជធានីភ្នំពេញ និងសម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃីសុវណ្ណរតនា សម្តេចព្រះសាកលវិទ្យាធិការរងទទួលបន្ទុកនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំង សាស្ត្រាចារ្យ និងសមណនិស្សិត ជាច្រើនអង្គ/នាក់ទៀត។

មានមតិសំណេះសំណាល ឯកឧត្ដម ជួប ប៉ារីស៍ បានចែករំលែកចំណេះដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃការបរិភោគទឹកស្អាត គុណភាពខ្យល់ល្អ និងការបំផុសស្មារតីចូលរួមបរិស្ថានសង្គម ជូនដល់សមណនិស្សិតបានយល់ដឹង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងបន្ថែមអំពីសកម្មភាពនានាដែលក្រសួងបរិស្ថានសម្រេចបានកន្លងមក ដេីម្បីជំរុញសាលាមេត្រីបរិស្ថាន និងអារាមមេត្រីបរិស្ថាន ដែលបាននឹងកំពុងធ្វេីឱ្យមានភាពប្រសេីរនៅក្នុងបរិស្ថានសង្គម៕ អរគុណសន្តិភាព









