រដ្ឋមន្ត្រីក្រសួងការងារ៖ UN ប្រចាំកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍នានា ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងសកម្មបំផុតលើការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ស្ថាប័នទាំងអស់របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ជាដៃគូសហការដ៏សំខាន់មួយនៃស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ភាពជាដៃគូទាំងនេះ គឺកម្ពុជាទទួលបាននូវក្របខណ្ឌគោលនយោបាយ បច្ចេកទេស ការកសាងសមត្ថភាព រួមទាំងហិរញ្ញវត្ថុ ដែលបានផ្តល់ប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជាទូទៅ ហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀត នៅក្នុងបរិបទនៃ ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងជំរាបលារបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិការងាររបស់លោកស្រីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានក្តីនឹករលឹកជាពន់ពេក សម្រាប់ពេលវេលាពិតជាកន្លងទៅយ៉ាងឆាប់រហ័ស ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើកិច្ចការងារនេះជាមួយUN អស់រយៈពេល៤ឆ្នាំមកនេះ នៅក្នុងអាណត្តិការងាររបស់លោកស្រី ឃើញថាមានភាពបត់បែន និងទទួលបានជោគជ័យគួរជាទីមោទន។
ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រី ទទួលបានផ្លែផ្កា និងវឌ្ឍនភាព។ សមិទ្ធផលអស់ទាំងនេះហើយ ដែលលោកស្រីបានបន្សល់ទុកនៅកម្ពុជា សង្ឃឹមថាលោកស្រីនឹងទទួលបានជោគជ័យនៅក្នុងការងារថ្មីរបស់លោកស្រីបន្តទៀត។
លោកស្រី Pauline Tamesisពិតជាថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដោយលោកស្រីបញ្ជាក់ថា ការទទួលជោគជ័យទាំងនេះ ក៏ទទួលបានពីភាពដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃរបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង។ កន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អាចសម្រេចបានជោគជ័យដោយសារតែមានម្ចាស់ប្រទេសផ្តល់លទ្ធភាពយ៉ាងពេញលេញក្នុងការសហការភាពជាដៃគូដ៏ល្អជាមួយគ្នា។
លោកស្រីបញ្ជាក់បន្ថែមថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការកសាងមូលធនមនុស្សរបស់កម្ពុជាក្រោមការចាត់ចែង គ្រប់គ្រង ដឹកនាំ សម្របសម្រួលពីស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។ មួយវិញទៀត ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចស្នូរ ក្នុងការទំនាក់ទំនងយ៉ាងជិតស្និត លើផ្នែកអប់រំ អនាគតការងារ សិទ្ធិការងារ សិទ្ធនៃការចូលរួម ការបណ្តុះបណ្តាល ការស្វែងរកការងារ កិច្ចគាំពារសង្គម គម្រោងរោងចក្រកាន់តែប្រសើរជាដើម ដែលទាមទារឲ្យខាងUN បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
ទន្ទឹមនេះដែរ លោកស្រីក៏បានកោតសរសើរ ដល់ក្រសួងការងារ ដែលតែងតែការពារផលប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិត ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករនិយោជិត ដែលបានរក្សានូវនិរន្តរភាពការងារ និងប្រាក់ចំណូល ព្រមទាំងប្រព័ន្ធគាំពារសង្គមផ្សេងៗទៀត ដែលក្រសួងបានខ្នះខ្នែងក្នុងកិច្ចការងារទាំងនេះ។
លោកស្រី អះអាងថា ទោះបីជាបេសកម្មរបស់លោកស្រីត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែUNមានកិច្ចការងារជាច្រើនទៀត ដែលត្រូវធ្វើនៅកម្ពុជា ដោយក្នុងនោះUNកំពុងរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខទៀតដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា។ ខាងUN សុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី រីករាយចំពោះការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់UN ក្នុងការធ្វើការជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា។ កន្លងមករដ្ឋាភិបាលកម្ពុជា បានអនុម័តផែនការយុទ្ធសាស្ត្រក្រោយវិបត្តិកូវីដ-១៩ ដោយបន្តអនុវត្តអ្វីដែលមានស្រាប់ ក្នុងបរិបទថ្មីដោយរៀនរស់នៅជាមួយកូវីដ ក្នុងនោះវិស័យការងារក៏បានបញ្ចូលទៅក្នុងអតិភាពនៃផែនការយុទ្ធសាស្ត្រនេះដែរ ដូចជា ការដោះស្រាយការងារ សន្តិសុខសង្គម ការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តម បញ្ជាក់ថា ទោះបីជាមានវឌ្ឍភាព លើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ច្បាប់ និងមានការចូលរួមពីភាគីពាក់ព័ន្ធដ៏ទៃទៀត។
គួរជម្រាបជូនថា អំឡុងពេល ៤ឆ្នាំដែលបំពេញបេសកកម្ម លោកស្រីPauline Tamesisលោកស្រីបានចូលរួមការងារសំខាន់ៗពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា រួមមាន៖ ការងារសមរម្យ, ការអភិវឌ្ឍជំនាញ និង TVET សម្រាប់យុវជន, ការងារទេសន្តរប្រវេសន៍, វិស័យកាត់ដេរ និងផ្នែកសន្តិសុខសង្គម៕