ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង(គ.គ.ម.ខ) រួមជាមួយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ.គ.ម.ខ និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកលេខាធិការដ្ឋានគ.គ.ម.ខ បានចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងលោកស្រី ឃ្លែ កូណាន់ នាយិកាប្រចាំប្រទេសអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគ្រប់រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រទេស និងអង្គការដៃគូ។

ក្នុងឱកាសនោះ លោកលៀង ជុំសុបិន្ត នាយរងរដ្ឋបាលសាលាខេត្ត បានធ្វើបទបង្ហាញដោយសង្ខេបស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២១, ចែករំលែកបទពិសោធន៍បច្ចេកទេស និងការប្រមូលទិន្នន័យគ្រោះមហន្តរាយក្នុងប្រព័ន្ធPRISM និងបញ្ហាប្រឈមមួយចំនួន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានផ្ដល់អនុសាសន៍ដូចខាងក្រោម
១.បន្តពង្រឹងប្រព័ន្ធបញ្ជូនព័ត៌មានទាន់ហេតុការណ៍(PRISM)ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ បើមានការដោះដូរមន្ត្រី ត្រូវធ្វើយ៉ាងណាធានាឱ្យមានការផ្ទេរចំណេះដឹងបន្ត ឬបន្តធ្វើកិច្ចការងារនេះរហូតដល់មន្ត្រីថ្មីអាចធ្វើជំនួសបាន។

២.បន្តជម្រុញការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤តាមទូរស័ព្ទដៃ ឱ្យបានច្រើន តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍ និងរបៀបចុចភ្ជាប់ប្រព័ន្ធនេះ។
៣.រដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បំពាក់ឧបករណ៍ព័ត៌មានវិទ្យាដល់មន្ត្រីបង្គោលនៃក្រុមលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត៕ អរគុណសន្តិភាព