សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម

ភ្នំពេញ៖ នារសៀលព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារថ្មីទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អគារថ្មីនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ។ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង ៩២ម៉ែត្រគិតដល់ចុងបុស្បបុកតូច និង១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ ។

យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ព្រមទាំងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាពសក្តិសមជាទីកន្លែងបំពេញការងារបែបសម័យទំនើបថ្មី ។

តាមគម្រោង ដំណើរការសាងសង់អគារថ្មីនេះ គ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសាងសង់បានប្រមាណ២០ភាគរយ ដោយគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ៦០លានដុល្លារអាមេរិក ៕ អរគុណសន្តិភាព
















